ភ្នំពេញ៖កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីរៀបចំពិធីវាយជួង ទូងស្គរ វាយគង អបអរសាទរពីធីសម្ពោធការដ្ឋានព្រែកជីកហ្វូណនតេជោដោយម្នាក់ៗបង្ហាញពីមោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាលដែលបានកសាងគម្រោងព្រែកជីកដែលជាលក្ខណៈប្រវត្តិសាស្ត្រមួយនេះ។

ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

លោកស្រី ហង្ស កថា ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន ស៊ូវៃ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានបង្ហាញក្តីសប្បាយរីករាយ ក្នុងការចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានប្រយោជន៍មហាសាលសម្រាប់ប្រជាជន ពិសេសការដឹកជញ្ជូន ការធ្វើកសិកម្ម ការក់ទាញភ្ញៀវទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ច។

ចំណែកលោក លោក ហាំ ហ៊ត់ ជាកម្មករ និងជាប្រធានសហជីពមូលដ្ឋាន នៃក្រុមហ៊ុន អ៊ីមេជ ហ្គាម៉ិន (ខេមបូឌា) ឯ.ក បានស្រែកប្រកាសគាំទ្រព្រមគ្នាជាមួយកម្មករនិយោជិតដទៃទៀត ចំពោះពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីជួបជុំនេះកម្មករនិយោជិតក្រុមហ៊ុន អេសដេត បានស្រែកព្រមៗគ្នាថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពចំពោះការបង្កើតព្រែកជីកតេជោនេះឡើង ជយោព្រះរាជាណាចក្រកម្ពុជា! ជយោព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ! ជយោ សម្តេចតេជោ ហ៊ុន សែន! ជយោ សម្តេចធិបតី ហ៊ុន ម៉ាណែត!»។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៧នេះ បានបន្តគម្រោងនេះដើម្បីប្រយោជន៍ជាតិមាតុភូមិដែលធ្វើឱ្យកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាសបានចូលរួមអបអរសាទរជាមួយនឹងមោទកភាពជាតិ៕




