ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី៥ ខែសីហានេះ បានជួបជុំគ្នាដើម្បីទូងស្គរ ទះដៃអបអរសាទរពីធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដោយម្នាក់ៗបង្ហាញពីស្នាមញញឹម មោទកភាពចំពោះជាតិមាតុភូមិ និងរាជរដ្ឋាភិបាល ដែលបានសាងសង់ព្រែកជីកដែលមានលក្ខណៈជាប្រវត្តិសាស្ត្រមួយនេះ។
ការអបអរសាទពិធីជាប្រវត្តិសាស្ត្រជាតិមួយនេះធ្វើឡើង ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅចំណុចព្រែកតាកែវ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ថ្នាក់ដឹកនាំ និងមន្ត្រី នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានជួបជុំគ្នានៅមុខទីស្នាក់ការ របស់ខ្លួន ឈរជុំគ្នាលើកទង់ជាតិគ្រវី ព្រមដោយការទះដៃ វាយស្គរដៃ ក៏ដូចទូងស្គរ ប្រកបដោយទឹកមុខញញឹមសប្បាយរីករាយ បង្ហាញពីការគាំទ្រពេញទំហឹង ខណៈមានកន្លែងខ្លះក៏បានរៀបចំពិធីរំាលេងកម្សាន្ត ផងដែរ។

គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ទាំងនោះមានធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកពារាំង-ឃុំកំពង់ពពិលខេត្តព្រៃវែង ធនាគារ ស្ថាបនា សាខាស្រុកពារាំង ឃុំរកា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាស្រុកស៊ីធរកណ្ដាល-ឃុំព្រែកចង្ក្រាន ខេត្តព្រៃវែង នាគារប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តព្រៃវែង ធនាគារ អេស៊ីលីដា សាខាខេត្តព្រៃវែង និងធនាគារវីង ជាដើម។


គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី៧នេះ បានបន្តគម្រោងនេះដើម្បីប្រយោជន៍ជាតិមាតុភូមិ ជាពិសេសគឺការលើកកម្ពស់សង្គមសេដ្ឋកិច្ចជាតិ វិស័យកសិកម្ម ដឹកជញ្ជូន អចលនទ្រព្យ ការវិនិយោគ និងទាក់ទាក់ទាញទេសចរណ៍ដើម។ ព្រែកជីកថ្មីនេះ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕
