ព័ត៌មានជាតិ

ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី៥ សីហា នេះ លោក Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានលើកឡើងថា ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយ ប្រទេសកម្ពុជា។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូន សម្តេចធិបតី អំពីលទ្ធផល នៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ក្នុងក្របខ័ណ្ឌនៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀត រួមទាំងក្នុងវិស័យការពារជាតិ និងសន្តិសុខ»។

ជាការឆ្លើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។

សម្ដេចធិបតី និងលោករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ កិច្ចសហការទាំងនោះ នឹងផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ច, ការបណ្តុះបណ្តាល, ការបោសសម្អាតមីនមនុស្សធម៌ និងលំហាត់រួមលើការសង្គ្រោះគ្រោះមហន្តរាយ ជាដើម៕

To Top