ព័ត៌មានជាតិ

សម្តេចធិបតី៖ ដោយសារកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយ របស់រដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់មូលនិធិ Nippon ថា ដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាការងារអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា រយៈពេលជាង ៣០ឆ្នាំមកនេះ លោកនាយកប្រតិបត្តិ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា លើការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត និងការស្ដារនីតិសម្បទា ព្រមទាំងជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាពិសេសការគ្របដណ្ដប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ តាមរយ:កិច្ចសហប្រតិបត្តិការនេះ កម្ពុជាក៏បានផ្តល់ការបណ្ដុះបណ្ដាលដល់និស្សិតបរទេសមួយចំនួន ដែលនេះជាមោទនភាពមួយរបស់កម្ពុជា ។

ជាការឆ្លើយតប សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមូលនិធិ Nippon ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យស្ដានីតិសម្បទា អប់រំ និងសុខាភិបាល នៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ថា «ដោយកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ការស្ដារនីតិសម្បទា គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល»។

សម្ដេចធិបតី សង្ឃឹមយ៉ាងមុតមាំថា មូលនិធិ Nippon នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ។

សូមរំលឹកថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើន បានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ៕

To Top