ចិន៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដឹកនាំដោយលោក សយ សុភាពនិងលោក លី សៅគ័ង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤បានដឹកនាំក្រុមអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ ជាមួយ សមាគមអ្នកសារព័ត៌មាន ខេត្តហីឡុងជាំង (Heilongjiang) នៃសាធារណៈរដ្ឋប្រជាមានិតចិន។

នៅក្នុងជំនួបនេះ លោកស្រី ឈី នីលាន (Qi Nilian) អនុប្រធានសមាគមអ្នកសារព័ត៌មាន ខេត្តហីឡុងជាំង បានសម្ដែងការរីករាយស្វាគមន៍ ចំពោះការមកដល់ទីក្រុងHarbin ខេត្តហីឡុងជាំង (Heilongjiang) ប្រទេសចិន របស់សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។

លោកស្រីបានលើកឡើងថា សមាគមអ្នកសារព័ត៌មានខេត្តហីឡុងជាំង បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៧ហើយ មកដល់បច្ចុប្បន្ន មានជាង១៥០ស្ថាប័ន និងមានបុគ្គលិក ជាង៣ម៉ឺននាក់។
លោកស្រីបញ្ជាក់ថា “សមាគមអ្នកសារព័ត៌មាន ខេត្តហីឡុងជាំង មានកិច្ចសហប្រតិបត្តិការ ជាមួយកាសែតដទៃ ដើម្បីលុបបំបាត់ព័ត៌មាន ក្លែងក្លាយនិងជំរុញវិស័យនេះ ឱ្យកាន់តែមានភាពរីកចម្រើន”។

លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានថ្លែងអំណរគុណ ចំពោះការទទួល ស្វាគមន៍ យ៉ាងកក់ក្ដៅ ពីសំណាក់សមាគមអ្នកសារព័ត៌មាន ខេត្តហីឡុងជាំង (Heilongjiang) ។

លោក សយ សុភាព បានលើកឡើងថា វិស័យព័ត៌មាន គឺជាអ្នកនាំសារ ដល់ប្រជាជន ឱ្យបានយល់ច្បាស់ពីវប្បធម៍ និងទេសចរ របស់ប្រទេសទាំងពីរ។

លោក សយ សុភាព ក៏បានអះអាងពីការត្រៀមសហការជាមួយ សមាគមអ្នកសារព័ត៌មានខេត្តហីឡុងជាំង ក្នុងការផ្សព្វផ្សាយ ពីវប្បធម៍និងទេសចរ របស់ប្រទេសទាំងពីរ ឱ្យកាន់តែមានភាពទូលំទូលាយ៕
