ភ្នំពេញ ៖ ជុំវិញកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនដែលខ្លាចបាត់បង់អធិបតេយ្យភាព បាត់បង់ទឹកដី៤ខេត្ត ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV តាមការលើកឡើងរបស់អ្នកវិភាគក្រៅស្រុកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញ និងណែនាំឲ្យអ្នកវិភាគ និងក្រុមនិស្សិត ព្យាយាមទៅសិក្សាស្រាវជ្រាវ ប្រមូលយកព័ត៌មានពិតជាក់ស្តែង នៅនឹងខេត្តទាំង៤នោះដោយខ្លួនឯង កុំជឿតាមអ្នកវិភាគដែលនៅក្រៅប្រទេសមិនដែលទៅដល់ផ្ទាល់ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះ សម្តេចធិបតី បានជំរុញឲ្យប្រជាពលរដ្ឋដែលកំពុងមានការព្រួយបារម្ភ អំពីបញ្ហាបាត់បង់ទឹកដីនៅខេត្ត៤នោះ នាំគ្នាទៅលេង និងទៅមើលទិដ្ឋភាពជាក់ស្តែង ដើម្បីមានមូលដ្ឋានក្នុងការត្រិះរិះពិចារណាដោយខ្លួនឯង ដោយក្នុងនោះសម្តេច ក៏បានណែនាំទៀតថា អ្នកណាមានលទ្ធភាព គួរតែទៅលេង ចំពោះអ្នកមិនទាន់មានលទ្ធភាព ក៏គួរសាកល្បងព្យាយាមនៅពេលណាមួយ ពេលដែលមានលទ្ធភាព ដើម្បីកុំឲ្យជឿតាមសំដីតៗគ្នា ព្រោះមិនមានប្រជាពលរដ្ឋច្រើនទេដែលបានទៅដល់តំបន់នោះផ្ទាល់ ។
សម្តេចធិបតីបញ្ជាក់ថា “រាជរដ្ឋាភិបាល គឺគ្មានអ្វីលាក់លៀមទេ បងប្អូនបារម្ភ តែពេលខ្លះបងប្អូនបារម្ភ ដោយសារលឺតគ្នា លឺអ្នកវិភាគបែកផ្សែងខ្លះ ប៉ុន្តែយកល្អទៅមើលតែម្តង។ សូមទៅសួរគាត់(ពលរដ្ឋនៅតាមព្រំដែន) កុំសួរអ្នកវិភាគដែលនៅ១ពាន់គីឡូ ទៅសួរបងប្អូននៅជាប់ព្រំដែន”។
សម្តេចធិបតីមានប្រសាសន៍ថា “យើងជាអ្នកសិក្សា យើងត្រូវយកព័ត៌មាន យកទិន្ន័យពិតប្រាកដ កុំស្តាប់តាមគេ ។ អ្នកសិក្សានិស្សិតបញ្ញវ័ន្ត យើងទៅសិក្សា ទៅជួបប្រជាពលរដ្ឋកុំឲ្យថា រាជរដ្ឋាភិបាល ចេះតែធ្វើ”។
សូមបញ្ជាក់ថា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV)ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំង៣ចុះហត្ថលេខារួមគ្នា កាលពីអំឡុងឆ្នាំ១៩៩៩។
តំបន់ CLV មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មាន៥ខេត្ត, ប្រទេសឡាវ មាន៤ខេត្ត និងកម្ពុជា មាន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕