ព័ត៌មានជាតិ

សម្ដេចធិបតី ឲ្យរៀបចំ និងអភិវឌ្ឍន៍ភូមិ ជនជាតិដើមភាគតិច ទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់

" "

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់ លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិជនជាតិ ដើមភាគតិចទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ។

តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និងលើកទី២០ នៅកម្ពុជា ថ្ងៃទី៩ សីហាសម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង ដល់ជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្តល់ឱកាស និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ ។

" "

សម្ដេចគូសបញ្ជាក់ថា «យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទក។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និង មានការចូលរួមសហការ និងគាំទ្រយ៉ាងជិតស្និទ្ធ ពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងការចូលរួមយ៉ាង សកម្មពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការយល់ដឹងនូវសារៈសំខាន់ នៃការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច»។

" "

សម្ដេចក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានចូលរួមយ៉ាងសកម្មក្នុង ការងារលើកកម្ពស់ការ អភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច នាពេលកន្លងមក។

ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០ នៅកម្ពុជានេះ សម្ដេចបានផ្តល់ជាអនុសាសន៍ និងគំនិត ដូចជា ៖

១- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តន៍ការងារលើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងរៀបចំឯកសារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឲ្យការងារ អភិវឌ្ឍន៍ និងអភិរក្សជនជាតិ ដើមភាគតិចកាន់តែមានប្រសិទ្ធភាព ។

ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន្ទពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានបន្ថែម ពីដៃគូអភិវឌ្ឍនានាអង្គការ មិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនវឌ្ឍនភាព បន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និងការទទួលស្គាល់អត្តសញ្ញាណជនជាតិដើម ភាគតិច ។

ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិ ជនជាតិដើមភាគតិច ទៅជាភូមិគំរូ ផ្អែកលើសក្តានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។

ទី៤. ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និងសារៈសំខាន់នៃ ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់សហគមន៍ ជនជាតិដើមភាគតិច និងសាធារណជន។

ទី៥. គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់អភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅកសាងសង្គមជាតិមួយ ដែលមានសមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង ក្នុងនាមជនជាតិខ្មែរតែមួយ ៕

To Top