ភ្នំពេញ ៖ តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរ សុខទុក្ខ បងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក រដ្ឋមន្រ្តីបានចុះជួបជាមួយបងប្អូន កម្មករនិយោជិត និងតំណាងនិយោជក ក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារ ។
កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតនេះ រួមមានរោងចក្រ CWKH Garment (Cambodia) Limited. ដឹកនាំដោយលោក ឡេង សែ រដ្ឋលេខាធិកា, រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ និងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO., LTD. ដឹកនាំដោយលោក វ៉េង ហៀង អនុរដ្ឋលេខាធិការ។
នៅក្នុងឱកាសជួបសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារ នៅរោងចក្រកាត់ដែរ សម្លៀកបំពាក់ CWKH Garment (Cambodia) Limited. ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ លោក ឡេង សែ បានជួបពិភាក្សាការងារ ជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង ផ្នែក QC(ការពិនិត្យគុណភាព) កន្លែងបំបៅកូន ទារកដ្ឋាន និងពេទ្យសង្គ្រោះផងដែរ ។
លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថែមម៉ោង, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។
ទន្ទឹមនេះដែរ ក្នុងការ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញ ការងារនៅរោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ លោក សោម អូន បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិតជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មនិយោជិត បានយ៉ាងល្អ ដូចដែលច្បាប់ការងារបានកំណត់។
លោក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំជំនួប សំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករ និយោជិតប្រកប ដោយភាពស្និទ្ធស្នាល ។ ទន្ទឹមនេះលោកបានស្នើឱ្យម្ចាស់រោងចក្រសូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ ឱ្យបានពេញលេញ តាមច្បាប់ការងារ ជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។
ដោយឡែក ក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD ស្ថិតក្នុង ខណ្ឌពោធិ៍សែនជ័យលោក វ៉េង ហៀង បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករ និយោជិតដោយផ្ទាល់ នៅតាមរោងចក្រនេះ គឺជាការគិតគូរ យកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនង កាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺ សុខទុក្ខរបស់បងប្អូនកម្មករ និយោជិតដែលរដ្ឋាភិបាល តែងតែគិតគូរជានិច្ច ។
លោកអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការលើកកម្ពស់សុខដុមនីយកម្មនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស ។ បន្ថែមពីនោះ លោកក៏បានស្នើឱ្យម្ចាស់រោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD. បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជា ផងដែរ ៕