ភ្នំពេញ៖ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ អតីតនាយកនិងនាយករងរដ្ឋបាលរាជធានីភ្នំពេញត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងរាជធានីភ្នំពេញ បានប្តេជ្ញានឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នូវគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។
នៅក្នុងពិធីនេះ តំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានធ្វើការណែនាំឱ្យលោក សេង វណ្ណៈ និងលោក ឆាយ វីរៈ ក៏ដូចជារដ្ឋបាលរាជធានី ខណ្ឌ សង្កាត់ បន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យរីកចំរើនបន្ថែមទៀត បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បន្តការផ្តល់សេវា និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។



ជាមួយគ្នានេះ លោក ឃួង ស្រេង បានលើកឡើងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងខិតខំស្ដារ កសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ-លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីសាធារណៈ បណ្តាញទូរគមនាគមន៍ កាមេរ៉ាសុវត្ថិភាព ការកែលម្អសួនច្បារសាធារណៈ ស្ថាបនាផ្លូវក្រោមដី ស្ពានឆ្លងទន្លេ និងស្ពានអាកាសជាដើម។


លោកអភិបាលរាជធានីភ្នំពេញ បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងនេះ រាជធានីភ្នំពេញ បាននឹងកំពុងប្រែប្រួល មុខមាត់ថ្មី ប្រកបដោយភាពទាក់ទាញ និងមានការរីកចម្រើនយ៉ាងខ្លាំង។



លោកបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។


ក្នុងឱកាសនេះ លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងមាត់ ក្នុងការធ្វើឱ្យភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ និងបានប្តេជ្ញាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ និងការពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អថែមទៀត ។
សូមរំលឹកថា ពិធីប្រកាសជាផ្លូវការអភិបាលរងរាជធានីភ្នំពេញទាំងពីររូបខាងលេីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែសីហានេះ ឆ្នាំ២០២៤៕




