ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ (OSH) នៅកម្ពុជា។
លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀតព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។




ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះគឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នារវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។




ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា។



លោក វីលៀម ខន់ឃ្លីន នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័នជាពិសេសយន្តការ នៃកិច្ចការពារកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងមូលក្នុងបរិបទកូវីដ១៩។


ជាមួយគ្នានេះ លោក វីលៀម ខន់ឃ្លីន បានបញ្ជាក់នូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈ ដែលភាគីទាំង២បានចុះហត្ថលេខាជាលើកទី៣នេះ នឹងបន្តទទួលបានជោគជ័យដូចលើកទី១ និងទី២ ដែលបានចុះតាំងពីឆ្នាំ២០១៨ មកផងដែរ៕
