ព័ត៌មានជាតិ

ក្រសួងព័ត៌មានដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យអនុវត្តនូវ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចាប់ពីពេលនេះតទៅ បន្ទាប់ពីដំណើរពិគ្រោះយោបល់ដើម្បីទទួលធាតុចូល និងសំណូមពរពី គ្រប់តួអង្គ ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។

ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន បានប្រព្រឹត្តទៅប្រកបដោយការបើកទូលាយ និងបរិយាបន្ន ចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤មក ដោយ មានការចូលរួមយ៉ាងច្រើនពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ក្នុងការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ព្រមទាំងបានផ្តល់នូវធាតុចូលសម្រាប់ ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឡើង ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា។

មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាព សារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអង្គភាពផ្សេងៗទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង លោក នេត្រ ភក្ត្រា បានថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោកបានបញ្ជាក់ថា មូលហេតុដែលចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅកម្ពុជានេះ ក៏ដោយសារតែនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើននៃបច្ចេកវិទ្យាសារព័ត៌មាន ក្នុងនោះក៏មានការផ្លាស់ប្តូរទម្រង់នៃការផ្សព្វផ្សាយបែបបុរាណដែលសំដៅលើការផ្សាយតាមទូរទស្សន៍  ការសែត  រោងពុម្ភជាដើម។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះការផ្សព្វផ្សាយតាមបែបទំនើបដែលសំដៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ ហ្វេសប៊ុក  តិកតុក ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។

ក្នុងកាសនោះដែរលោករដ្ឋមន្ត្រីបានលើកឡើងថា អ្វីដែលកំពុងតែប្រឈមនឹងធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺការបាត់បង់ជំនឿទុកចិត្តពីសាធារណជនចំពោះសារព័ត៌មាន គឺនៅពេលដែល កំណើនការផ្សព្វផ្សាយទំនើបកើនឡើង ហើយប្រព័ន្ធផ្សព្វផ្សាយនេះកើតចេញដំបូងផ្សាយបានបណ្តាញសង្គមហ្វេសប៊ុក  តិកតុក រហូតដល់យកជាមូលដ្ឋាននៃការផ្សព្វផ្សាយព័ត៌មាន៕

To Top