ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមជាស្រ្តីទី១ នៃកម្ពុជា បានថ្លែងសារគន្លឹះ ទៅកាន់សមាជិក សមាជិកា សមាគមសិល្បករខ្មែរថា សិល្បករ គឺជាអ្នកនាំសារអប់រំទៅកាន់សង្គម សិល្បករគឺជាអ្នកជួយលើកតម្លៃស្រ្តី និងជួយការងារមនុស្សធម៌នៅក្នុងសង្គម ។


ការថ្លែងសារគន្លឹះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ខាងលើនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវបណ្ឌិត អនុញ្ញាតឲ្យសមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជួបសម្ដែងការគួរសម និងសំណះសំណាល បន្ទាប់ពីលោកស្រីអ្នកឧកញ៉ា ចូលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ ប្រមាណជាង៣ ខែកន្លងមកនេះ។ ពិធីជួបសម្ដែងការគួរសមនេះ ធ្វើឡើងកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរូមពីសមាជិក សមាជិកា សិល្បករ សិល្បការិនី គ្រប់ទម្រង់ជាច្រើនរូប ព្រមទាំងតំណាងសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA)។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងសារគន្លឹះ ទៅកាន់សមាជិក សមាជិកា សមាគមសិល្បករខ្មែរថា សិល្បករ គឺជាអ្នកនាំសារអប់រំទៅកាន់សង្គម សិល្បករគឺជាអ្នកជួយលើកតម្លៃស្រ្តី និងជួយការងារមនុស្សធម៌នៅក្នុងសង្គម ដែលជាកិច្ចការដ៏សំខាន់មួយ រួមចំណែកអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។

នៅក្នុងពិធីជួបសំណេះសំណាលនេះដែរ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្រៅពីបានបង្ហាញជូនពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសមាគមសម្រេចបាន ក្នុងរយៈពេលជាង៣ខែមកនេះ សមាគមសិល្បករកម្ពុជា ក៏បានស្នើទៅកាន់លោកជំទាវបណ្ឌិត ក្នុងការចុះអនុស្សារណៈយោគយល់គ្នា ជាមួយសមាគមមួយចំនួន ដែលដឹកនាំដោយលោកជំទាវបណ្ឌិត។

ក្នុងនាមជាស្រ្តីទី១ នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលមានសកម្មភាពគួរឲ្យ កត់សម្គាល់ក្នុងការជួយអភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈខ្មែរ ជួយដល់គិតគូរដល់ជីវភាព របស់សិល្បករគ្រប់ទម្រង់ដែលមានវ័យចំណាស់ និងអ្នកដែលមានជីវភាពខ្វះខាតជាដើម ព្រមទាំងមានផែនការច្បាស់លាស់ ក្នុងការជួយពង្រឹងវិស័យសិល្បៈខ្មែរ ឲ្យមានភាពរីកចម្រើន និងជាពិសេស សមាគមបានបំពេញការងារ យ៉ាងសកម្មក្នុងកិច្ចសង្គម ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា៕







