ភ្នំពេញ៖ លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិត ចំណីអាហារក្នុងស្រុក ស្វែងរកអ្នកជំនាញម្ហូបខ្មែរ ដើម្បីលើកកម្ពស់ការកែច្នៃ និងការទទួលស្គាល់ម្ហូបខ្មែរលើឆាកអន្តរជាតិ ដោយនាំយកម្ហូបដែលមានរសជាតិ ដ៏សម្បូរបែបរបស់កម្ពុជាជូន ដល់អតិថិជនទូទាំងពិភពលោក។
លោក ហែម វណ្ឌី បានលើកទឹកចិត្តបែបនេះ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំង សិប្បកម្មផលិតចំណីអាហាររបស់ក្រុមហ៊ុន PPF Yummy Manufacturing នៅក្នុងខណ្ឌសែនសុខ ដើម្បី ស្វែងយល់បន្ថែមអំពីប្រតិបត្តិការ និងផ្តល់ការគាំទ្រចាំបាច់នានាជូនដល់ក្រុមហ៊ុន នៅពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក រដ្ឋមន្ត្រីបានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំពង្រឹងគុណភាព និងស្តង់ដារចំណីអាហាររបស់ក្រុមហ៊ុន។ លោក បានលើកឡើងថា៖ ពាក្យ ‘ខ្មែរធ្វើបាន’ ជាទិសស្លោកដ៏សំខាន់ ដែលរួមបញ្ចូលមិនត្រឹមតែ ការផលិតបានប៉ុណ្ណោះទេ ប៉ុន្តែផលិតបានហើយ លក់បានទៀត ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះ លោក បានលើកទឹកចិត្តក្រុមហ៊ុនផលិត ចំណីអាហារក្នុងស្រុកផ្សេងទៀត ឱ្យផ្តោតលើការលើកកម្ពស់ស្តង់ដារគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ ដោយអាចយកគំរូពីសិប្បកម្ម PPF Yummy Manufacturing ។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ មួយចំនួនសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន រួមមានការបន្តលើកកម្ពស់អនា ម័យ និងស្តង់ដារ, ការស្រាវជ្រាវ និងប្រៀបធៀបរសជាតិជាមួយផលិតផល របស់ប្រទេសជិតខាង ដើម្បីបង្កើតរស់ជាតិពិសេស, ព្រមទាំងការផ្តោតលើសុខភាព និងបង្ហាញព័ត៌មានអំពីកម្រិតអាហារូបត្ថម្ភ លើស្លាកសញ្ញាផលិតផលជាដើម។
លោក ក៏បានលើកឡើងពីសារៈសំខាន់ នៃការធ្វើយ៉ាងណាឱ្យផលិតផល អាចរក្សាទុកបានយូរ កាត់បន្ថយថ្លៃដើមដើម្បីប្រកួតប្រជែងតម្លៃ និងធានាការត្រួតពិនិត្យគុណភាពតឹងរ៉ឹង ដើម្បីទប់ស្កាត់ឧប្បត្តិហេតុណាមួយ ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន។ សិប្បកម្ម PPF Yummy Manufacturing ប្រៀបដូចជា “មេដែកធំ” មួយ ដែលមិនត្រឹមតែបង្កើតការងារ សម្រាប់បុគ្គលិក ៣០នាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កសិករជាច្រើនដែលផ្គត់ផ្គង់ វត្ថុធាតុដើមដល់ក្រុមហ៊ុននេះផង ដែរ។
លោក ហែម វណ្ណឌី បានលើកឡើងបន្ថែមពីសារៈសំខាន់ នៃការបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលលើកកម្ពស់ស្តង់ដារគុណភាព និងធានាបរិមាណដើម្បីបំពេញតម្រូវការផលិត ពិសេសនៅពេលមានកំណើនតម្រូវការ វត្ថុធាតុដើមខ្ពស់នាពេលអនាគត។
ក្នុងអនុសាសន៍សំខាន់មួយទៀត លោក ហែម វណ្ឌី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យសហការ ជាមួយស្ថាប័នស្រាវជ្រាវ ដូចជាមន្ទីរពិសោធន៍ និងសាកលវិទ្យាល័យ ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើមុខផលិតផល និងពង្រីកបច្ចេកវិទ្យាចំណីអាហារថ្មីៗបន្ថែមទៀត។
លោក ហែម វណ្ឌី បញ្ជាក់បន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ផ្តល់ការគាំទ្រដល់វិស័យឯកជន លើការការពារកម្មសិទ្ធិបញ្ញា សម្រាប់នវានុវត្តន៍របស់ពួកគេផងដែរ និងបានលើកទឹកចិត្តឱ្យវិស័យឯកជន ទាញយកអត្ថប្រយោជន៍ពីសេវា សាធារណៈរបស់ក្រសួង។
សិប្បកម្មផលិតចំណីអាហារ PPF Yummy Manufacturing ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ និងបានវិវត្តពីអាជីវកម្មលក្ខណៈគ្រួសារ ដែលលក់តែតាមប្រព័ន្ធអនឡាញ ទៅជាសហគ្រាសដែលមានសក្តានុពលមួយ។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតផលិតផល ដែលអាចទទួលទានបានភ្លាមៗ (ready-to-eat food) ចំនួន៨ មុខ ដូចជា ប្រហុកខ្ទិះ ប្រហុកអង្ក្រង និងបុកត្រីឆ្អើរ ព្រមទាំងផលិតផលសម្រាប់ចម្អិនលាយគ្រឿងជាស្រេច (ready-to-cook food) ដូចជាឆ្អឹងជំនីប្រឡាក់ សាច់គោចំណិត និងសាច់គោជ្រនួចជាដើម។
ផលិតផលទាំងនេះត្រូវបានដាក់លក់ នៅក្នុងផ្សារក្នុងស្រុក ផ្សារទំនើបធំៗ និងភោជនីយដ្ឋានមួយចំនួននៅទូទាំងប្រទេស។ ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញផលិតផល របស់ខ្លួនទៅកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ២០២៤នេះផងដែរ។
លោក ជា ចិត្រា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PPF Yummy Manufacturing បានលើកឡើងថា៖ “យើងបាននាំចេញផលិតផលចំនួន៥០០ គីឡូក្រាមទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ហើយយើងគ្រោងពង្រីកការនាំចេញ របស់យើងទៅកាន់ប្រទេសចំនួន៥ នាពេលដ៏ខ្លីខាងមុខ។”
លោក បន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគខ្មែរចន្លោះពី ៣០០ ទៅ ៥០០ កែវក្នុងមួយថ្ងៃ និងគ្រោងពង្រីកមុខផលិតផលរបស់ខ្លួន ដូចជាគ្រឿងទេស ទឹកជ្រលក់ អាហារក្រៀមសម្រាប់ហ្មុកខ្មែរ (អាម៉ុកខ្មែរ) នំបញ្ចុកខ្មែរ និងបង្អែមខ្មែរជាដើម ៕