ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចំពោះស្នងការនគបាលរាជធានី-ខេត្ត រូបណា ដែលធុញទ្រាន់នឹងការដោះស្រាយ បណ្ដឹងរបស់ប្រជាពលរដ្ឋ គួរឈប់ធ្វើការជាស្នងការ ហើយទៅធ្វើស្រែចម្ការវិញល្អជាង។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ទាប់ពីរកឃើញមានករណីមិនប្រក្រតី ចំពោះតួនាទីជាស្នងការរង នៅខេត្តមួយ ។
យោងតាមវីដេអូបង្ហោះលើបណ្តាញសង្គម របស់លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាថ្ងៃទី៦ សីហា បានបញ្ជាក់ថា «ខ្ញុំសូមឲ្យពិនិត្យ និងកែបែងចែកតួនាទីភារកិច្ច ដែលកន្លងទៅ តែឥឡូវបានលុបបំបាត់ហើយ គឺមាននៅខេត្តមួយ គាត់ស្នងការដឹកនាំការងារទូទៅ បន្ទាប់មកមានស្នងការរង (ដូចស្នងការ រងប្រចាំការ) អីចឹងស្នងការរងផ្សេងៗ ទៀតត្រូវរាយការណ៍ឲ្យគាត់ ហើយមានតែស្នងការរងម្នាក់ហ្នឹងទេ មានសិទ្ធិរាយការណ៍ទូទៅឲ្យស្នងការ ។ ខ្ញុំថាធ្វើរបៀបហ្នឹងងាប់តែម្តង អាហ្នឹងដូចជាបង្កើតស្នងការរងក្នុង ស្នងការរងអីចឹង»។
លោកឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា តួនាទីស្នងការរងមានសិទ្ធិស្នើគ្នា បើមានការបង្កើតស្នងការរង ក្នុងស្នងការរងបែបនេះ គឺធ្វើការតែងតាំងដោយខ្លួនឯង គ្មានអ្នកណាដឹង រហូតអស់រយៈពេលជាច្រើនឆ្នាំ តែពេលនេះបានលុបបំបាត់ហើយ។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ខ្ញុំគិតថា ខេត្តផ្សេងៗមិនឲ្យមានករណីនេះទៀតទេ បើមិនដូច្នេះ នឹងធ្វើឲ្យមានការពិបាក ក្នុងការធ្វើកិច្ចការងារមួយចំនួន ។ បើស្នងការគាត់ធុញនឹងការដោះស្រាយ ឬការងារមួយចំនួន ខ្ញុំគិតថាឈប់ធ្វើស្នងការទៅស្រួល ទៅធ្វើស្រែចម្ការទៅស្រួលជាង នោះគ្មានអ្នករករឿង ឬប្តឹងយើង ។ បើធ្វើមេគេហើយមិនទទួលខុសត្រូវ នោះទាល់តែដូរការងារគ្នា អីចឹងមិនអាចទទួលយកបាន»។
ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអះអាងថា ការបែងចែកតួនាទី ភារកិច្ចមានសារសំខាន់ ដូច្នេះត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាព ខណៈកន្លងទៅ មានការជាន់កិច្ចការងារគ្នាមួយចំនួន មិនថាថ្នាក់ជាតិនោះទេ សូម្បីតែថ្នាក់ក្រោមជាតិក៏មានដែរ ប៉ុន្តែក្នុងអាណត្តិនេះ ត្រូវធ្វើយ៉ាងណាបែងចែកឲ្យបានលើតួនាទី និងភារកិច្ច ៕