ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កំណែទម្រង់គ្រូបង្រៀន នៅតែជាអាទិភាពសំខាន់ សម្រាប់កម្ពុជា ព្រោះគ្រូបង្រៀន គឺជាឆ្អឹងខ្នង នៃប្រព័ន្ធអប់រំ។
នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដំណាក់កាលទី២ នៅថ្ងៃ៧ សីហា លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា «កំណែទម្រង់គ្រូបង្រៀននៅតែជា អាទិភាពសំខាន់សម្រាប់កម្ពុជា។ កំណែទម្រង់ការអប់រំគ្រូបង្រៀន និងការអនុវត្តគោលនយោបាយគ្រូបង្រៀន គឺជាអាទិភាពចម្បងមួយនៃកំណែទម្រង់វិស័យអប់រំ ព្រោះគ្រូបង្រៀនគឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំកម្ពុជា»។
ទន្ទឹមនេះដែរ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលជាភ្នាក់ងារអនុវត្តកម្មវិធី និងក្រុមការងាររបស់ក្រសួង ដែលបានប្រឹងប្រែងយកអស់កម្លាំង កាយចិត្តអនុវត្តកម្មវិធី ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ឆ្លើយតបនឹងអាទិភាពក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ពីសារៈសំខាន់ នៃគ្រូបង្រៀនជាកត្តាសំខាន់ចាំបាច់ សម្រាប់លទ្ធផលសិក្សារបស់សិស្សានុសិស្ស។
“កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀន នៅកម្ពុជាដំណាក់កាលទី២” បានរៀបចំឡើង បន្ទាប់ពីដំណាក់កាលទី១ (២០១៨-២០២២) អនុវត្តចប់ដោយជោគជ័យ ដោយមានកិច្ចសហការគ្នាយ៉ាងល្អរវាងក្រសួងអប់រំ និងអង្គការយូណេស្កូ។ សមិទ្ធផលចម្បងគួរឲ្យកត់សម្គាល់ នៅដំណាក់កាលទី១ រួមមាន៖ ១- ការអនុម័តក្របខណ្ឌនិងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ , ២- ការបណ្តុះបណ្តាលគ្រូបង្រៀននិងមន្រ្តីជំនាញ អំពីកញ្ចប់អំណានថ្នាក់ដំបូងជាង ៤,០០០ នាក់ និងគណិតវិទ្យាថ្នាក់ដំបូងជាង ៣,០០០ នាក់ និង៣- សាលាគរុកោសល្យខេត្តចំនួន១១ បានជួសជុលកែលម្អ និងបំពាក់សម្ភារបរិក្ខារ។
ក្នុងឱកាសនេះដែរ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានឲ្យដឹងថា យូណេស្កូ នឹងបន្តជាដៃគូឈានមុខ ជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការគាំទ្រចក្ខុវិស័យរួម ដើម្បីលើកកម្ពស់ការអភិវឌ្ឍ បណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់ការបង្រៀនប្រកបដោយភាពច្នៃប្រឌិត ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន វឌ្ឍនភាពការបង្រៀន និងរៀននៅក្នុងថ្នាក់ជំរុញបរិវត្តកម្មឌីជីថល ការកសាងប្រព័ន្ធអប់រំបរិយាបន្ន និងសមធម៌ ជាមួយគោលដៅ ធានាឱ្យបានថាកុមារគ្រប់រូបទទួលបាន ការអប់រំប្រកបដោយគុណភាព និងឱកាសដើម្បីអភិវឌ្ឍសក្តានុពល ពេញលេញរបស់ពួកគេ។
សូមបញ្ជាក់ថា កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀន នៅកម្ពុជាដំណាក់កាលទី២ មានសមាសភាព៤ រួមមាន៖ ១-ការអប់រំគ្រូបង្រៀន , ២- ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន , ៣- ការបណ្តុះបណ្តាលកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង រួមទាំងការវាយតម្លៃ និងការពង្រីកប្រព័ន្ធកត់ត្រាទិន្នន័យសិស្ស និង៤- បរិវត្តន៍កម្មឌីជីថលសម្រាប់ការអប់រំគ្រូបង្រៀន ពិតជាមានសារៈសំខាន់ ដើម្បីបន្តគាំទ្រដល់ការអប់រំគ្រូបង្រៀន៕