ព័ត៌មានជាតិ

រដ្ឋាភិបាល អង់គ្លេស កំណត់ប្រទេសកម្ពុជា ជាប្រទេសអាទិភាព ក្រោមក្របខណ្ឌភាព ជាដៃគូវិនិយោគ

ភ្នំពេញ ៖ លោក Vomic Nur Shah ប្រធាន នៃស្ថាប័នហិរញ្ញប្បទាន នាំចេញចក្រភពអង់គ្លេសបានវាយតម្លៃខ្ពស់ ចំពោះការខិតខំអភិវឌ្ឍ គួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគាំ ទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ។ ឈរលើមាគ៌ានេះ, រាជរដ្ឋាភិបាលចក្រភពអង់គ្លេស បានកំណត់ ប្រទេសកម្ពុជា ជាប្រទេសមួយ នៃចំណោមប្រទេសអាទិភាព ក្រោមក្របខណ្ឌភាពជាដៃគូ វិនិយោគរបស់ចក្រភព អង់គ្លេស(British Investment Partnership) ។

លោក Vomic Nur Shahបានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ (Export Finance) តាមរយៈទីភ្នាក់ងារ ហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ក្នុងអំឡុងពេល ដែលលោក អញ្ជើញមកបំពេញ បេសកកម្មនៅ កម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៤ ។

លោក Vomic Nur Shah បានសង្កត់ទៀតថា ការកំណត់ខាងលើនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍអន្តរជាតិរបស់រាជរដ្ឋភិបាលចក្រភពអង់គ្លេស ដើម្បីបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា ជាពិសេស ដើម្បី លើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ UKEF បាននិងកំពុងពិនិត្យលើកាលានុវត្តភាពផ្តល់ហិរញ្ញប្បទាននាំចេញដល់ប្រទេសកម្ពុជា, ដែលនឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការ វិនិយោគរបស់វិស័យឯកជន ជាពិសេស វិនិយោគិនពីចក្រភពអង់គ្លេស ។

ស្របជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលទាំងពីរ ក៏បាននិងកំពុងសហការយ៉ាងជិតស្និតទៅលើការ រៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជាគម្រោងវិនិយោគ សាធារណៈមួយ ក្រោមយន្តការភាពជា ដៃគូរវាងរដ្ឋ និងឯកជន ដោយសំដៅកៀរគរ ការវិនិយោគពីវិស័យ ឯកជន សម្រាប់ការអភិវឌ្ឍគម្រោងនេះ ផងដែរ ។

នាឱកាសនៃជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តការដ៍ល្អ ក្នុងភាពជាដៃគូរ រវាងរដ្ឋាភិបាល ចក្រភពអង់គ្លេសនា ពេលកន្លងមក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជានាពេលបច្ចុប្បន្ន ដែលបាននិងកំពុងរួមចំណែកដ៏សំខាន់ក្នុង កិច្ចអភិវឌ្ឍសេដ្ឋកិច្ច -សង្គមកម្ពុជា ។

លោក ឧបនាយករដ្ឋមន្ត្រី ក៍បានបង្ហាញស្ថានភាព ទូទៅនៃសេដ្ឋកិច្ចកម្ពុជា, ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចស្របតាមការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច, ការ ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ព្រមទាំង យុទ្ធសាស្ត្រនិងវិធានការក្នុងការកំណែទម្រង់ថ្មីជា បន្តបន្ទាប់របស់រាជរដ្ឋាភិបាល ការធ្វើពិពិធកម្មប្រភព ហិរញ្ញប្បទាន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវា កម្មសាធារណៈ ខណៈដែលប្រទេសកម្ពុជា កំពុងត្រៀមខ្លួនចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលកិច្ចការ ទាំងនេះសំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ ស្របតាម “ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ផងដែរ ៕

To Top