ព័ត៌មានជាតិ

តំណាងសាជីវកម្ម​ ហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក កោតសរសើរ ចំពោះភាពវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី កំពុងបន្តធ្វើ

ភ្នំពេញ៖​ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) នៃធនាគារពិភពលោក ប្រចាំកម្ពុជា បានសម្តែង នូវការកោតសរសើរ ចំពោះភាពវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ក្រោមការដឹកនាំរបស់ផសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តធ្វើ ។

ការថ្លែងកោតសរសើរ របស់តំណាងសាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក ធ្វើឡើងក្នុងឱកាសទទួលបានការ អនុញ្ញាតចូលជួប សម្ដែងការគួរសម និងជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៧ សីហា ។

ក្នុងឱកាសនៃជំនួបនោះលោក អាសាដ យ៉ាកុប បានគោរពជូនពរក្នុងឱកាសខួបកំណើតរបស់ សម្តេច និងបានសម្តែងនូវការអបអរសាទរកម្ពុជា ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ សីហាកន្លងទៅ។

លោក អាសាដ យ៉ាកុប បានលើកឡើងពីការផ្ទេរអំណាចពីរដ្ឋាភិបាល ចាស់ទៅរដ្ឋាភិបាលថ្មីប្រកប ដោយរលូននិងបរិយាកាសសន្តិភាព និងបានសម្តែងនូវការកោតសរសើរ ចំពោះភាពវិជ្ជមានជាច្រើន ដែលរាជរដ្ឋាភិបាលថ្មីបាននឹងកំពុងបន្តធ្វើ។ លោកក៏បានកោតសរសើរ ចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះការជូនពរថ្ងៃខួបកំណើតសម្ដេច និងការអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយសម្ដេច បានជម្រាបជូនថា ការជីកព្រែកនេះ ពិតជាមានសារៈសំខាន់ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូន អាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងបាន ព្រោះការដឹកជញ្ជូនតាមផ្លូវគោក ត្រូវចំណាយច្រើនជាងការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ។ ជាមួយគ្នានោះ តំបន់ភាគនិរតី នៃកម្ពុជា នឹងក្លាយទៅជាកន្លែងដាំដុះ និងបៃតងគ្រប់រដូវ ពីព្រោះថា ព្រែកជីកនេះ នឹងផ្ដល់ជាប្រភពទឹកដ៏សំខាន់ សម្រាប់ប្រជាកសិករធ្វើស្រែ និងដំណាំផ្សេងៗទៀត។ ព្រែកជីកនេះ ក៏ជួយជម្លៀសទឹកជំនន់ ហើយនឹងលើកតម្កើង​​ វិស័យទេសចរណ៍ទៀតផង ។

ចំពោះការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ សម្ដេចបានរំលឹកពីបទពិសោធន៍ របស់កម្ពុជាក្នុងអតីតកាល ដែលរាល់ការផ្ទរអំណាច ម្ដងៗតែងមានភាពច្របូកច្របល់ ។ ប៉ុន្តែការផ្ទេរអំណាចនាពេលនេះ គឺដើម្បីសុខសន្តិភាព ស្ថិរភាពយូរអង្វែង៕

To Top