ភ្នំពេញ ៖ គម្រោងវិនិយោគចំនួន៤៤បន្ថែមទៀត ដែលមានទុនវិនិយោគ សរុបប្រមាណជាង ៣៩៦លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៦ សីហា ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងបន្តថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ទាំង៤៤នេះ គឺមាន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ និង អាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង ។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣១គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣គម្រោង ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ថា គម្រោងវិនិយោគ ដែលមានភាពលេចធ្លោ ជាងគេប្រចាំខែកក្កដារួមមាន ៖
១.គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគ បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង (ក្រៅតំបន់សេដ្ឋកិច្ចពិសេស) ។
២.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិ ផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន ១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។
៣.គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) ។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៦៨,០៦% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុក គ្របដណ្តប់ ១៤,២៤% នៃទុនវិនិយោគសរុប ៕