ព័ត៌មានជាតិ

បង្ក្រាបករណី ជួញដូរគ្រឿងញៀន ជាង១៨គីឡូក្រាម នៅភូមិសាស្ត្រ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិនម្នាក់

រូបភាព មន្ទីរប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូត ឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ២គោលដៅ ៖ គោលដៅទី១ នៅចំណុចខាងមុខ សណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាលទ្ធផលចាប់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។

ចំណែក វត្ថុតាងចាប់យករួមមាន៖ ១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម ។ ២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម ។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម) ។

បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវ តាមចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរកទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស ៕

To Top