ព័ត៌មានជាតិ

បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ត្រូវរួមគ្នាដោះស្រាយ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអនុញ្ញាតឲ្យ លោក អែនឌ្រូ ហឺរ៉ាប់ ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃនាថ្ងៃទី៧ សីហា ។

ក្នុងជំនួបនេះដែរ លោក អែនឌ្រូ ហឺរ៉ាប់ បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលផ្តល់កិច្ចសហការបានយ៉ាងល្អ ជាមួយតំណាងស្ថាប័ន អនុវត្តច្បាប់របស់ភាគីអាមេរិកអមស្ថានទូត ប្រចាំនៅកម្ពុជាលើការងារ មាតុភូមិនិវត្ថន៍ពលរដ្ឋកម្ពុជា សញ្ជាតិអាមេរិក និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ការងារស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសជនជាតិអាមេរិកដែលរត់គេចខ្លួន និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខបានយ៉ាងល្អជូនថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិកក្នុងកំឡុងពេលមកបំពេញទស្សនកិច្ច ឬចូលរួមកិច្ចប្រជុំនៅកម្ពុជា។

បន្ថែមពីនេះ ភាគីអាមេរិក ក៏បានពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ និងការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលកំពុងមានការកើនឡើង ទាំងក្នុងតំបន់ និងទាំងក្នុងសកលលោក។ ភាគីអាមេរិក ក៏បានសន្យាចូលរួមចំណែកជាមួយនគរបាលជាតិកម្ពុជា ក្នុងការបង្កើនកិច្ចសហការ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតក្នុងការស្វែងរកជនសង្ស័យដែលប្រព្រឹត្តបទល្មើស ដើម្បីប្រមូលភស្តុតាង កសាងសំណុំរឿងផ្តន្ទាទោសជនល្មើស និងបណ្តាញពាក់ព័ន្ធទៅតាមផ្លូវច្បាប់ ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់នគរបាលជាតិកម្ពុជាជាមួយ និងតំណាងស្ថាប័ន អនុវត្តច្បាប់របស់សហរដ្ឋអាមេរិក អមស្ថានទូតប្រចាំនៅ កម្ពុជា មានដូចជា ៖ ក្រុមការងារ Task Force FBI DEA HSI…។

នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ គូបញ្ជាក់ថា «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាប្រឈមជាសកល ដែលគ្រប់បណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ត្រូវរួមគ្នាក្នុងការដោះស្រាយ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ»។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាព និងគាំទ្រ ចំពោះការបង្កើនកិច្ចសហការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសខាងលើនេះ និងបានស្នើភាគីពាក់ព័ន្ធទាំងអស់ អនុវត្តទៅស្របតាមខ្លឹមសារ នៃអនុស្សារណៈ នៃការយោគយល់គ្នាដែលមានស្រាប់ ។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា នគរបាលជាតិកម្ពុជា ត្រៀមសហការ ជាមួយភាគីអាមេរិក លើការងារផ្លាស់ប្តូរព័ត៌មាន ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកពលរដ្ឋអាមេរិក ដែលប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួនមកនៅកម្ពុជា ។

លើសពីនេះ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យភាគីទាំង២រួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ដែលនាំឲ្យមានបទល្មើសជួញដូរមនុស្ស គ្រប់ទម្រង់ តាមរយៈការជួយសង្គ្រោះជនរងគ្រោះ ការស៊ើបអង្កេត និងបង្ក្រាបខ្សែរយៈបណ្តាញ ដើម្បីធ្វើការអនុវត្តតាមផ្លូវច្បាប់ ៕

To Top