ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៧ សីហា នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា និងលោកស្រី អ៊ូឃូ ខូចាអេសហ្វ៊េ ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា បានឯកភាព និងសន្យាបន្តរឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានឯកភាពក្នុងការផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីទៅតាមជំនាញជាអាទិភាព មានដូចជា៖ ការប្រឆាំងអំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។


បន្ថែមលើកិច្ចសហការប្រតិត្តិការខាងលើនេះ ភាគីទាំងពីរ កម្ពុជា-តួកគី ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើគោលការណ៍សមភាព គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងជួយគាំទ្រគ្នាយ៉ាងពេញទំហឹងនៅលើវេទិការអន្តរជាតិសំខាន់ៗ៕


