ភ្នំពេញ៖ លោកស្រី Aleksandra អនុប្រធានបេសកម្មស្ដីទីអាមេរិកប្រចាំកម្ពុជា ដែលជាមន្ត្រីមកពីស្ថានទូតអាមេរិក បានលើកឡើងថា ជាការល្អប្រសើរដែលក្រុមការងារនៃប្រទេសទាំងពីរ (អាមេរិក-កម្ពុជា) បានរៀបចំពិពណ៌ម្ហូបអាហារ និងភេសជ្ជៈ ដល់សាធារជនខ្មែរ និងបរទេសនៅកម្ពុជា ឱ្យបានស្គាល់បន្ថែមពីគុណភាព ក៏ដូចជាផលិតផលកសិកម្មរបស់ប្រទេសអាមេរិក ។
ក្នុងឱកាសស្ថានទូតអាមេរិក រៀបចំពិធីពិពណ៌ម្ហូបអាហារ និងភេសជ្ជៈ ដល់សាធារជនខ្មែរ និងបរទេសនៅកម្ពុជា នៅសណ្ឋាគារ Rosewood ជាន់ទី៣៦ កាលពីថ្ងៃទី៨ ខែសីហា លោកស្រីអនុប្រធានបេសកម្មស្ដីទីអាមេរិក បានលើកឡើងថា នេះគឺជាការល្អប្រសើរមួយ ដែលក្រុមការងារនៃប្រទេសទាំងពីរ បានរៀបចំពិពណ៌នេះឡើង ដើម្បីផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន សម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា បានស្គាល់បន្ថែមពីគុណភាព ក៏ដូចជាផលិតផលកសិកម្មរបស់ប្រទេសអាមេរនៅកម្ពុជា ។

លោកស្រីអនុប្រធានស្ដីទីបេសកកម្មអាមេរិកប្រចាំកម្ពុជា បានបន្ថែមថា សេដ្ឋកិច្ចកម្ពុជា បានទទួលផលប្រយោជន៍យ៉ាងខ្លាំង ពីទីផ្សារអាមេរិក ដែលជាទីផ្សារនាំចេញ ដ៏ធំបំផុតជាងគេមួយរបស់ខ្លួន ដោយមានការនាំចេញ រហូតដល់ទៅជាង៤០% នៃផលិតផលនាំចេញសរុបទាំងអស់របស់កម្ពុជា ដែលអាចបង្កើតការងារ បានមួយលាននាក់នៅក្នុងប្រទេសកម្ពុជា ។
លោកស្រី Aleksandra គូសបញ្ជាក់ថា “អាមេរិកគឺជាទីផ្សារកសិកម្មធំជាងគេទី៥ សម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជា មិនទាន់ជាទីផ្សារធំនៅឡើយទេ សម្រាប់សហរដ្ឋអាមេរិក ខាងផលិតផលកសិកម្ម ដូចនេះការនាំចេញកសិផលរបស់អាមេរិក មកកាន់ប្រទេសកម្ពុជា មានការកើនឡើងជាង ១២ភាគរយ នៅក្នុងរយៈពេលប៉ុន្មានជា៩ឆ្នាំចុងក្រោយនេះ ។

ជាមួយគ្នានេះដែរលោក លូ ម៉េង ប្រធានសមាគមចុងភៅកម្ពុជា បានមានប្រសាសន៍ថា លោកធ្លាប់បានទៅអាមេរិក ហើយក៏បានទៅទស្សនៈកិច្ចកន្លែងផលិត ដូចជាកសិដ្ឋានចិញ្ចឹមសត្វមួយចំនួន និងកន្លែងកែឆ្នៃសាច់ជាដើម ដូច្នេះការរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺជាការឆ្លុះបញ្ចាំងនិងបានឆ្លើយតបឱ្យគ្នាទៅវិញទៅមក រវាងតម្រូវការរបស់ប្រទេសទាំង២ ក៏ដូចជាប្រជាជនទាំង២ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ទៅលើផលិតផលកសិកម្ម និងកសិឧស្សាហកម្ម៕

















