ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់យុវជនវ័យក្មេងចំនួន ៨រូប ដែលត្រូវចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស។
ការណែនាំរបស់លោកជំទាវបណ្ឌិតខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូយុវជនវ័យក្មេងចំនួន ៨រូប ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ មុននឹងចេញដំណើរទៅចូលរួមកម្មវិធី អ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន។










ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអបអរសាទរដល់ប្រតិភូយុវជនទាំង ៨រូប ដែលត្រូវបានជ្រើសរើសចូលរួម នៅក្នុងកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៤ នៅប្រទេសជប៉ុន ដើម្បីលើកកម្ពស់មិត្តភាពអន្តរជាតិ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការយោគយល់គ្នា រវាងយុវជនមកពីបណ្តាប្រទេសផ្សេងៗ មានដូចជា ចិន ម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី ថៃ ជប៉ុន វៀតណាម ទ្បាវ និងមីយ៉ាន់ម៉ា។




ក្នុងនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា “ការចូលរួមរបស់ប្អូនៗទាំង ៨ រូប គឺតំណាងឱ្យប្រទេសកម្ពុជា ទាំងមូល ដូច្នេះត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពវិន័យ ពង្រឹងសាមគ្គីភាពជាក្រុម បញ្ចេញសមត្ថភាព និងត្រូវរៀនសូត្រពីមិត្តមកពីបណ្តាប្រទេស ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្តនៅប្រទេសរបស់ខ្លួន” ។




បន្ថែមលើនេះ លោកជំទាវបណ្ឌិត បានចែករំលែកនូវបទពិសោធន៍ អំពីភាពជាអ្នកដឹកនាំដល់ប្អូនៗយុវជន ព្រមទាំងបានណែនាំឱ្យសិក្សាឈ្វេងយល់ ពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ដើម្បីជាទុនក្នុងការបង្ហាញអត្តសញ្ញាណជាតិ ទៅដល់បណ្តាប្រទេសជាមិត្តដ៏ទៃទៀត។
ជាមួយគ្នានេះប្រតិភូយុវជនទាំង ៨រូប បានគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ល្អៗ ជាទុនគំនិតដ៏សំខាន់ ក្នុងការត្រៀមខ្លួនចេញទៅបង្ហាញសមត្ថភាព ជាអ្នកដឹកនាំជាមួយបណ្ដាយុវជន មកពីប្រទេសចំនួន៨ ទៀតនៅក្នុងតំបន់អាស៊ី៕
