ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចាត់ទុកវេទិកា ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាង កម្ពុជា-ចិន កាន់តែរឹងមាំ។
ការលើកឡើងរបស់ លោក វ៉ាង វិនពីន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងកិច្ចសន្ទនាស្តីពី «ដំណើរថ្មីនៃកំណែទម្រង់ប្រទេសចិន: កាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

នាឱកាសនោះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានចាត់ថា «វេទិកានេះ ពិតជាបានជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជា និងចិនកាន់តែរឹងមាំ។ ជាពិសេសបានចែករំលែក និងជជែកពិភាក្សាជាមួយអ្នកទាំងអស់គ្នានូវ អត្ថន័យស្មារតី ក៏ដូចជាការបំផុសគំនិតសម្រាប់ពួកយើង កើតចេញពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិននីតិកាលទី២០» ។

លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន នីតិកាលទី២០ គឺជាកិច្ចប្រជុំសំខាន់មួយ ដែលមានអត្ថន័យជាទីកត់សម្គាល់។ តាមរយៈកិច្ចប្រជុំនេះ ពិភពលោកបានមើលឃើញពីប្រទេសចិន ដែលក្លាហានពុះពារជំនះឧបសគ្គ មានការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ និងអភិវឌ្ឍទៅមុខ បានមើលឃើញពីប្រទេសចិនដែលបន្តពង្រីកនវានុវត្តន៍ និងកាន់តែប្រកបដោយថាមពល បានមើលឃើញពីប្រទេសចិនដែលប្រកាន់ខ្ជាប់ការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងតែងតែបើកទូលាយប្រកបដោយបរិយាបន្ន។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ តែងពូនជ្រុំរក្សាទំនាក់ទំនងឱ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចសន្ទនានាពេលនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរឹងមាំទ្វេឡើង ។



តាមរយៈវីដេអូ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានស្វាគមន៍កម្មវិធី និងបានលើកឡើងថាសម័យប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នីតិកាលទី២០ ទើបបញ្ចប់យ៉ាងជោគជ័យនៅក្រុងប៉េកាំង។ នេះជាចំណុចសំខាន់សម្រាប់ប្រទេសចិនក្នុងយុគសម័យថ្មី។ ការធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយ នូវកំណែទម្រង់របស់ចិនក្នុងយុគសម័យថ្មី ជាមធ្យោបាយគន្លឹះ ដែលប្រើប្រាស់ទំនើបកម្មបែបផែនចិនជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវការងើបឡើងវិញនៃប្រជាជាតិ និងកិច្ចកសាងប្រទេសជាតិដ៏ខ្លាំងក្លា ហើយក៏នឹងផ្ដល់ជំនួយថ្មីដល់មាគ៌ាស្វែងរកទំនើបកម្ម និង ប្រព័ន្ធសង្គមកាន់តែល្អ របស់មនុស្សជាតិ ផ្ដល់កាលានុវត្តភាពថ្មី ដល់ការអភិវឌ្ឍន៍គ្រប់ប្រទេសទាំងអស់។


សូមជម្រាបជូនដែរ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន, លោក សយ សុភាព ប្រធានសមាគមអ្នកកាសែតកម្ពុជា-ចិន, កញ្ញា Yao Shiya អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន ក៏បានធ្វើបទបង្ហាញអំពីការស្វែងយល់ រៀងៗខ្លួនចំពោះការកែទម្រង់នៃប្រទេសចិន និងកាលានុវត្តភាពថ្មីនៃកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងចិន៕
