ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា នឹងចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅប្រទេសហ្វីជី ៥ថ្ងៃ

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDO-PACIFIC ARMIES MANAGEMENT SEMINAR) ក្រោមប្រធានបទ ប្រតិបត្តិការអន្តរវុធ និងយោធាចម្រុះ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (JOINT AND COMBINED OPERATIONS IN THE INDO-PACIFIC REGION) នៅក្រុងណានី ប្រទេសហ្វីជី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជា នាថ្ងៃទី១០ សីហានេះ បានឲ្យដឹងថា ក្នុងឱកាសចូលរួមសិក្ខាសាលាននេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងអញ្ជើញជួបពិភាក្សាការងារ ទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងនាយឧត្តមសេនីយ៍ MORISHITA YASUNORI មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ។

គូសបញ្ជាក់ផងដែរ សិក្ខាសាលាស្តីពី ការគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (INDO- PACIFIC ARMIES MANAGEMENT SEMINAR) ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាង កងទ័ពជើងគោកនៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចែករំលែកបទពិសោធន៍ និងទស្សនៈ ក្នុងគោលបំណងថែរក្សា សន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសលើកកម្ពស់យន្តការ ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកជំហរ៕

To Top