ព័ត៌មានជាតិ

ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង ដែលផ្តល់ជូនដោយក្រុមហ៊ុនធំៗ ចំនួន២០ តាមរយៈការដាក់ពាក្យស្វែងរកការងារដោយផ្ទាល់និងធ្វើការសម្ភាសភ្លាម។

👉 យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ សូមរៀបចំ CV ដើម្បីដាក់ពាក្យ និងសម្ភាសជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង២០ ដើម្បីអាចទទួលបានឱកាសការងារភ្លាមៗតែម្តង។

👉 យុវជន ដែលកំពុងស្វែងរកការងារ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីនោះដោយផ្ទាល់នៅមជ្ឈមណ្ឌលការងារ ដែលស្ថិតនៅជាន់ទី២ បន្ថែមពីលើការអាចចុះឈ្មោះតាមរយៈ www.nea.gov.kh ឬ កម្មវិធីទូរស័ព្ទដៃ NEA Job Search។

👉 សមាជិក ប.ស.ស. អាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គម ហើយសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២។

👉 យុវជននិងសាធារណជននឹងទទួលបានការផ្តល់សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

👉 លើសពីនេះ នៅពេលល្ងាច សាធារណជនក៏អាចទស្សនាកម្សាន្តជាមួយក្រុមតន្ត្រី និងឱកាសទទួលបានរង្វាន់ជាច្រើនក្នុងព្រឹត្តិការណ៍នេះផងដែរ៕

To Top