ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ជាមួយនឹងភាពជោគជ័យរបស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រកបដោយភាពអធិកអធម និងជោគជ័យ ។

យោងតាមបណ្តាញសង្គម នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលេីកឡេីងថា “ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា សូមសម្តែង នូវការអបអរសាទរ ជាមួយនឹងភាពជោគជ័យ របស់ប្រទេសបារាំង និងប្រជាជនបារាំង ដែលបានរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់បិទបញ្ចប់នាយប់ថ្ងៃទី១១ ខែសីហា ប្រកបដោយភាពអធិកអធម និងជោគជ័យ”។

សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថា “ព្រមជាមួយគ្នានេះ ក៏បានផ្តល់ឱកាសសម្រាប់កីឡាករកម្ពុជា បានទៅចូលរួមប្រកួត ការស្នាក់នៅ និងធ្វើដំណើរ ប្រកបដោយ សុខសុវត្ថិភាពផងដែរ ។ អ្វីដែលពិសេស ការផ្តល់កិត្តិយសសម្រាប់សិល្បៈករកម្ពុជា លោក វណ្ណដា ក្នុងការសម្តែងបទចម្រៀង នាពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលបានផ្តល់នូវកិត្តិយស និងបង្ហាញពីសិល្បៈកម្ពុជា ទៅកាន់ពិភពលោក” ៕













