កំពង់ឆ្នាំង ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មករ រោងចក្រប្រមាណជាង២៤០០នាក់ នៅរោងចក្រអ៊ីលីថិច (ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ក្នុងអំឡុងពេល នៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលបានចុះមកដល់ ទីតាំងរោងចក្រផ្ទាល់ ដែលធ្វើឱ្យកម្មករនិយោជិត មានភាពកក់ក្តៅកាន់តែខ្លាំង ដែលជាការបង្ហាញការយក ចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។

ក្នុងពេលចុះពិនិត្យនេះដែរ លោករដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនកម្មករ និយោជិតដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារ សំខាន់ៗមួយចំនួនទៀតផងដែរ។

ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែលលោក ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារ ដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ ដែលថ្នាក់ដឹកនាំកំពូលទាំងពីរ បានដាក់ចេញ។

ការចុះពិនិត្យពីស្ថានភាព ដោយផ្ទាល់នៅកន្លែងធ្វើការ របស់បងប្អូនកម្មករនិយោជិត គឺជាការតាមដានលើការ អនុវត្តនូវអនុសាសន៍ទាំង១០ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិ កន្លងទៅ ដែលបានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យ សុខភាពសម្រាប់កម្មករ ដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាព ដល់សមាជិកប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗ ជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើការបន្តផ្តល់ប្រយោជន៍ បន្ថែមជូនដល់កម្មករនិយោជិត ។

សូមបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់ឈ្នួលអប្បបរមា កម្មករនៅកម្ពុជានៅទទួលបាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់រង្វាន់អតីតភាពការងារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតផងដែរ ៕





