ព័ត៌មានជាតិ

គយខេត្តកំពង់ស្ពឺ ដុតបំផ្លាញចោលសាច់បង្កកជាង៦ពាន់គីឡូក្រាម

រូបថតដោយ៖ សុខសុភ័ណ្ឌ | ដើមអម្ពិល

កំពង់ស្ពឺ ៖ សាច់បង្កកប្រមាណជាង៦ពាន់គីឡូក្រាម ត្រូវបានកម្លាំងមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ ដុតបំផ្លាញចោលនារសៀលថ្ងៃ១២ សីហា ក្រោយស្ទាក់ចាប់បានកាលពីវេលាម៉ោង៩យប់ថ្ងៃ១១ សីហា នៅចំណុចផ្លូវចុះផ្លូវល្បឿនលឿនខាងលិច ស្ថិតក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តដឹកទំនិញមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3550 ដឹកសាច់បង្កកទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លោកក៏បានបញ្ជាមន្ត្រីគយ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅគោលដៅដែលចង្អុលបង្ហាញ ហើយនៅវេលាម៉ោងជាង៩យប់ ថ្ងៃខែឆ្នាំដដែល មន្ត្រីគយក៏បានជួបរថយន្តខាងលើ ខណៈរថយន្តបែកកង់ ក្រឡាប់ចាក់ទំនិញជាសាច់បង្កករាយប៉ាយនៅពេញផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ K31+800 ស្ថិតនៅភូមិជ្រលងថ្កូវ ឃុំរលាំងចេក ស្រុកសំរោងទង ដោយមាននគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រចាំផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងអនុវត្តនីតិវិធី ហើយក៏ស្នើសុំសហការចាត់វិធានការតែម្តង ។

លោកថា ក្រោយមានកិច្ចសហការពីមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានពិនិត្យឃើញថា សាច់បង្កកបានទាំង១៤មុខចាប់បានេះ តាមការធ្វើពិសោធន៍បញ្ជាក់ថា ខូចគុណភាពមិនអាចចរាចរណ៍លើទីផ្សារឡើយ។ ដូច្នេះសាខាគយ មន្រ្តីជំនាញ ក.ប.ប. កម្លាំងកងរាជហត្តខេត្តកំពង់ស្ពឺ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សម្រេចធ្វើការដុតកំទេចចោលនៅរសៀលថ្ងៃទី១២ សីហា ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ។

សាច់បង្កកទាំងនោះរួមមាន ៖ ពងត្រីបង្កកចំនួន១០០កេះ , ប្រហិតសាច់មាន់បំពងម្សៅចំនួន៤០កេះ , ប្រហិត SHENGLONG ចំនួន៤៥កេះ , ប្រហិតបន្ទះសាច់មាន់បំពងម្សៅចំនួន៤៦កេះ , សាច់មាន់ចង្កាក់ប្រឡាក់គ្រឿងចំនួន២៤កេះ , ឈាមទាចំនួន៤៩កេះ , ពោះគោចំនួន៥កេះ , ព្រុយត្រីសាម៉ុនចំនួន៤កេះ , កន្ទុយជ្រូកចំនួន២៤កេះ , សាច់មាន់ចំនួន២៩កេះ , សាច់គោចំនួន៤០កេះ , ក្រលៀនគោចំនួន២កេះ , ពោះវៀនជ្រូកចំនួន១០កេះ , ឆ្អឹងជំនីជ្រូកចំនួន២០កេះ សរុបទាំងអស់ចំនួន៤៣៨កេះ ស្មើនឹង៦១៩៩គីឡូក្រាម ៕

To Top