ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះការឃោសនាបង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (DTA)។ នេះបើយោងតាមញត្តិគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារឧត្តមប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមគ្រប់រូបភាព ស្របតាមច្បាប់ បង្ក្រាបរាល់អំពើទាំងឡាយណាដែល បំផ្លាញផលប្រយោជន៍ជាតិ ដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ កុំភាន់ច្រឡំ លង់ជឿការញុះញង់របស់ក្រុមជនទុរយសក្បត់ ឧត្តមគតិជាតិមួយក្តាប់តូចនោះឲ្យសោះ ។ ដោយត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងមាតុភូមិឲ្យសម្បូររុងរឿង។
ទន្ទឹមនឹងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានបកស្រាយបំភ្លឺ និងបញ្ជាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យជាតិ និងសក្តានុពល ប្រកបដោយសារ ប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (DTA)។
ប្រសាសន៍ស្រាយបំភ្លឺរបស់ សម្តេចតេជោ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពិត និងគូសបញ្ជាក់យ៉ាង ច្បាស់លាស់អំពីឧត្តមប្រយោជន៍ជាតិ ដែលបានមកអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ព្រមទាំង ធានារក្សាបានយ៉ាងគង់វង្សនូវបូរណភាពដែនដី គ្មានការបាត់បង់ទាំងបច្ចុប្បន្ន និងអនាគត ផ្ទុយពីពាក្យពោរពេញ ដោយល្បិចកលមួលបង្កាច់របស់ជនអគតិមួយក្តាប់តូច ដែលបានប្រើប្រាស់ឧបាយកលទុច្ចរិត ពិសពុល ឃោសនា អកុសល បំភ្លៃការពិត ជាពិសេសក្រុមយុវជនជ្រុលនិយមមួយចំនួន ដែលកំពុងបំផុសចលនាកៀរគរប្រមូល កម្លាំងធ្វើបាតុកម្មប្រឆាំងនឹងការអភិវឌ្ឍ ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ តាមពាក្យបោកប្រាស់ភូតកុហករបស់ក្រុមខ្លួន ក្នុងគោលបំណងបំផុសបំផុល ញុះញង់ឲ្យមានចលាចល បង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខសន្តិភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕