ភ្នំពេញ៖ លោកផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានលើកឡើងថា វិនិយោគិនកូរ៉េ មានការចាប់អារម្មណ៍ ចំពោះកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ។
ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី នាព្រឹកថ្ងៃទី១៣ សីហា នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ លោក ផាក ជុងវុកបានវាយតម្លៃខ្ពស់ ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋាន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញ ទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេច ក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។
ជាមួយគ្នានេះ សម្ដេចធិបតី បានកោតសសើរចំពោះការចូលរួម យ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។
សម្តេចធិបតីបានសម្តែងក្តីរីករាយ ចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
សម្ដេចធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ សំខាន់ៗមួយចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោកឯកអគ្គរដ្ឋទូត បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់សម្តេចធិបតី ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសអំណោយផល ដល់ការវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើនទំនុកចិត្តនិងជោគជ័យ របស់វិនិយោគិនកូរ៉េ ដែលបណ្តាក់ទុននៅកម្ពុជា៕