ភ្នំពេញ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺនរួមគ្នាផ្នែកប្រឆាំងភេរវកម្ម បោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនាយឧត្តមសេនីយ៍ YASUNORI MORISHITA មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាថ្ងៃទី១៣ សីហា ក្នុងឱកាសចូលរួមសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងនាយឧត្តមសេនីយ៍ YASUNORI MORISHITA បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរទ្វេភាគី រវាងកងទ័ពជើងគោក កម្ពុជា-ជប៉ុន នាពេលកន្លងមក និងបានផ្តល់អំពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាដោយផ្ទាល់ ទ្វេភាគី និងពហុភាគី ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ។
ជាមួយគ្នានោះ សមភាគីទាំងពីរ បានឯកភាពបន្តពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតលើការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺនរួមគ្នាផ្នែកប្រឆាំងភេរវកម្ម បោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ៕
