ភ្នំពេញ ៖ ក្រុមហ៊ុន DOMI Biotechnology Co., Ltd ដែលជាក្រុមហ៊ុនចិន កំពុងប្រតិបត្តិការរោងចក្រនៅក្នុងប្រទេសថៃ បានស្វែងរកឱកាសវិនិយោគ បង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា ពិសេសផ្លែដូង ដូចនៅប្រទេសថៃ ។

ការស្វែងរកឱកាស របស់ក្រុមហ៊ុននេះ ត្រូវបង្ហាញកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ នៅក្នុងជំនួបពិភាក្សាការងារវាង លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគ និងគណៈប្រតិភូក្រុមហ៊ុន DOMI Biotechnology Co., Ltd ដឹកនាំដោយ លោក Wan Yanhu ប្រធានក្រុមហ៊ុន។

នាឱកាសនោះ លោក ជា វុទ្ធី បានស្វាគមន៍ ចំពោះវត្តមានរបស់គណៈប្រតិភូ ក្រុមហ៊ុនក្នុងដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីកាលានុវត្តភាព និយោគនៅកម្ពុជា ។ ជាមួយគ្នានោះលោក បានលើកឡើងដោយសង្ខេបអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជនដែលមានគណៈកម្មាធិការវិនិយោគកម្ពុជា ជាសេនាធិការ។
លោកបន្តថា «បច្ចុប្បនមានច្បាប់វិនិយោគប្រកបដោយបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគរបស់កម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទស្សវត្សចុងក្រោយ ហើយក្នុងរយៈពេលជិត ៨ខែ ឆ្នាំ២០២៤ នេះ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ៥៣ % នៃប្រភពទុនវិនិយោគសរុប»។
នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ លោក Wan Yanhu ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានដំណាយពេលដ៏មមាញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុនវិនិយោគ។

លោកបន្តថា «ក្រុមហ៊ុន DOMI Biotechnology Co., Ltd ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេសផ្លែដូង និងទុរេន ដែលមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុនត្រូវបាននាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈឹមបូព៌ា និងអ៊ីតាលី»។
លោកសង្កត់ទៀតថា «គោលបំណងនៃទស្សកិច្ចនៅកម្ពុជា នៅពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ពិសេស ផ្លែដូង ដូចនៅប្រទេសថៃ»។

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ពិសេសផ្លែដូង និងបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនខិតខំធ្វើការកែច្នៃឱ្យអស់លទ្ធភាព នៅពេលបើកដំណើរការរោងចក្រ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃ បន្ថែមក្នុងស្រុក។
លោកបន្ថែមថា «ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ របស់គណៈកម្មាធិការ វិនិយោគកម្ពុជារងចាំដោយក្តីរីករាយ ក្នុងការផ្តល់កិច្ចសម្របសម្រួល គ្រប់បែបយ៉ាងជូនក្រុមហ៊ុន នៅពេលក្រុមហ៊ុនសម្រេចចិត្ត វិនិយោគនៅកម្ពុជា»៕
