ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ នៅថ្ងៃទី១៦ សីហា នៅខេត្តឈៀងម៉ៃ តបតាមការអញ្ជើញរបស់លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៣ សីហានេះ បានឲ្យដឹងទៀតថា កិច្ចប្រជុំក្រោមមូលបទ “ឆ្ពោះទៅកាន់ សហគមន៍មេគង្គ-ឡានឆាង ប្រកបដោយសុវត្ថិភាព និងស្អាតជាងមុន” នឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ រដ្ឋមន្ត្រីការបរទេសដើម្បីពិភាក្សាពីវឌ្ឍនភាព ដែលសម្រេចបានក្រោមយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានការអនុវត្តនូវលទ្ធផល ដ៏សំខាន់ៗ នៃកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី៤ កាលពីខែធ្នូ ឆ្នាំ ២០២៣ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ព្រមទាំងការស្វែងរកវិធីឲ្យកាន់តែ ប្រសើរឡើង ដោយផ្អែកលើផែនការ សកម្មភាព៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ មេគង្គ-ឡានឆាង ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គទាំងមូល។
ក្នុងពេលស្នាក់នៅខេត្តឈៀងម៉ៃ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្ត្រីការបរទេស ដទៃទៀតនឹងចូលជួបសម្តែងការគួរសមជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ក៏គ្រោងនឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាផងដែរ ជាមួយរដ្ឋមន្ត្រីការបរទេសដទៃទៀត សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕