ភ្នំពេញ៖ ក្នុងឱកាសចូលរួមសិក្ខាសាលា គ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយបានរួមគ្នាឯកភាពពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឲ្យកាន់តែប្រសើរ និងស៊ីជម្រៅ បន្ថែមទៀត។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង លោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN បានធ្វើវាយតម្លៃខ្ពស់ ចំពោះចំណងការទូត និងលទ្ធផលកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាង កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក និងបានផ្តល់តម្លៃអំពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាដោយផ្ទាល់ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ។
នាឱកាសនោះ សមភាគីទាំងពីរ បានឯកភាពរួមគ្នា ពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឲ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺន និងសកម្មភាពរួមគ្នា ការផ្លាស់ប្តូរបទពិសោធ ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ព្រមទាំងការរៀបចំឲ្យមានកិច្ចសន្ទនា ក្រុមការងារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក (ARMY TO ARMY TALK)។
ក្នុងជំនួបនោះដែរ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញលោកនាយឧត្តមសេនីយ៍ CHARLES A. FLYNN ព្រមទាំងប្រតិភូ ទៅទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ ដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ និងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងការពារជាតិប្រទេសទាំងពីរ។
គូសបញ្ជាក់ផងដែរថា ជំនួបពិភាក្សាការងារទ្វេភាគីនេះ គឺស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក LOYD AUSTIN រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកាន់កម្ពុជា និងជាជំនួបទី១ក្នុងរយៈពេល៥ឆ្នាំ ដែលជំនួបចុងក្រោយគឺនៅឆ្នាំ២០១៩ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលជាអតីតមេបញ្ជាការកងទ័ពជើងគោក និងលោកនាយឧត្តមសេនីយ៍ ROBERT B. BROWN អតីតមេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក៕