ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា សមត្ថកិច្ចអនុវត្តច្បាប់ បានក្តាប់បានពីការអូសទាញ ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុក ឲ្យរួមគ្នា ធ្វើបាតុកម្មប្រឆាំងគម្រោង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ។
តាមគម្រោងរបស់ពួកគេ នឹងអាចរៀបចំធ្វើបាតុកម្មនៅថ្ងៃ១៨ សីហា ខាងមុនេះ ។ ដោយសារតែការក្តាប់បាននេះហើយ ទើបអ្នកនាំពាក្យ បានស្នើកងកម្លាំងមានសមត្ថកិច្ច ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងសន្តិសុខជាតិ ដើម្បីធានាការពារ និងថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម ។
យោងតាមសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី១៣ សីហាបានឲ្យដឹងថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេស មួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹង គម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់ មូលបង្កាច់លើរាជរដ្ឋាភិបាលថា បានកាត់ដីចំនួន៤ខេត្ត ឲ្យទៅបរទេស ឬធ្វើឲ្យបាត់បង់អធិបតេយ្យ លើខេត្តឦសាន្ត ទាំង៤ នៅក្នុងគម្រោងអភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។ ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្មភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញ ប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឲ្យធ្វើបាតុកម្មប្រឆាំង នឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណផងដែរ ។
អ្នកនាំពាក្យបញ្ជាក់ថា “ក្រសួងយុត្តិធម៌ បានតាមដានករណីនេះ ដោយយកចិត្តទុកដាក់ និងចុងក្រោយនេះ សមត្ថកិច្ចអនុវត្ត ច្បាប់ របស់កម្ពុជាក្តាប់ បានយ៉ាងច្បាស់លាស់នូវភស្តុតាងដែលបង្ហាញថា ផែនការអូសទាញ ប្រមូលប្រជាជនក្នុងស្រុក ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ពុំមែនធ្វើឡើង ដើម្បីជាការសម្តែងមតិតាមច្បាប់នោះទេ ប៉ុន្តែគឺជាផែនការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់នូវវិធីញុះញង់ អុជអាល បំផុសបំផុល និងការប្រើឧបាយកល នយោបាយបោក បញ្ឆោតអូសទាញ ប្រមូលកម្លាំងប្រជាជនស្លូតត្រង់ឲ្យធ្វើបាតុកម្មបះបោរផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សកម្មភាពជុំវិញផែនការនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ” ។
ប្រភពសង្កត់ធ្ងន់ថា ផ្អែកលើមូលដ្ឋាន ផ្លូវច្បាប់កម្ពុជានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើកងកម្លាំងមាន សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរ៉ឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំង នឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និង ថែរក្សាសន្តិសុខជាតិ ស្ថិរភាពសង្គម និងវិបុលភាព របស់ប្រទេសជាតិ ដោយដាច់ខាតមិន ត្រូវអនុញ្ញាត ឲ្យកម្លាំងនៃក្រុមនយោបាយ ជ្រុលនិយមណាមួយ មកបំផ្លាញសន្តិភាព របស់ប្រទេសជាតិ និងសេចក្តីសុខសាន្ត របស់ប្រជាជនកម្ពុជាឡើយ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏អំពាវនាវជនរួមជាតិ កុំចាញ់ឧបាយកល បោកបញ្ឆោត របស់មេខ្លោង នៃចលនាបដិវត្តន៍ពណ៌ ដែលជាឧក្រិដ្ឋជន ប្រឆាំងនឹងសន្តិសុខជាតិ ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធ នឹងអំពើរួមគំនិតក្បត់ ដែលត្រូវមាន ទោសធ្ងន់ធ្ងរ តាមច្បាប់និង ចូលរួមប្រឆាំង ឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅទូទាំង ប្រទេស ជាពិសេសសហការរាយការណ៍អំពីផែនការក្បត់ និងមុខសញ្ញាពាក់ព័ន្ធទៅអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ ឲ្យមានប្រសិទ្ធភាព ៕