ភ្នំពេញ ៖ មន្រ្តី នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៣ សីហា បានចុះអប់រំផ្សព្វផ្សាយសុខភាព ស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែត សម្លាប់ដង្កូវទឹក ដើម្បីលុបបំបាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិកំរៀង ភូមិស្រែក្នុង ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៤ សីហាថា ដោយអនុវត្តតាមការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋក្នុងរដូវភ្លៀង មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានណែនាំបន្តឲ្យមន្ត្រី មណ្ឌលសុខភាព តាមខណ្ឌនានា ចុះអប់រំផ្សព្វផ្សាយសុខភាព ស្តីពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាប៊ែតសម្លាប់ដង្កូវទឹក តាមផ្ទះនិងភូមិរបស់ប្រជាពលរដ្ឋ ។

លោកថា ទឹកដក់ជាជម្រកមូសខ្លា ហើយជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ដូច្នេះរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ដោយគ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម ។

លោកបន្តថា មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ ប៉ុន្តែវាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ដូចជា ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកនៅក្នុងចានស្នោ កែវជ័រ និងទឹកលើថង់ប្លាស្ទិកចោលហាលភ្លៀង។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ព្រោះទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា) ។ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ ការចម្លងជំងឺគ្រុនឈាម ៕






