ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ១៣ សីហា បានធ្វើបទបាឋកថា ជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់ ស្តីពី “កត្តាកំណត់ភាពជោគជ័យ ក្នុងវិស័យសុខាភិបាល” ។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យបានលើកទឹកចិត្ត គាំទ្រជំរុញឲ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋាន បន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀង ទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem-Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន ។ សាស្រ្តាចារ្យ ក៏បានរំលឹកដល់មន្រ្តីសុខាភិបាលទាំងអស់ កាន់តែបង្កើន ការយកចិត្តទុកដាក់ដល់អ្នកជំងឺ ដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈកាន់តែច្រើន។
ជាកិច្ចបន្ត សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាលើប្រធានបទ “កត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិបាល” មកចែករំលែក។ ក្នុងបទបថកឋានេះ រដ្ឋមន្រ្តីបានលើកពីកត្តាចំនួន ៣ សម្រាប់ធ្វើការដឹកនាំអង្គភាព ឲ្យបានជោគជ័យគឺ១- ត្រូវមានទិសដៅច្បាស់លាស់ , ទី២- ត្រូវមានផែនការអនុវត្ត ដែលមានភាពត្រឹមត្រូវនិងប្រកដប្រជា និងទី៣- ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។
លោកថា ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗ ត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួរជាបង្អែក ឬជាស្ពានសម្រាប់ឲ្យបុគ្គលិកទាំងអស់ ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។
ដោយមានការអនុញ្ញាតិ ពីសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ បានចូលរួមធ្វើបទបង្ហញ ពីការប្រើប្រាស់ PDIA លើការងារបង្កើនការលាងដៃ នៅក្នុងមន្ទីរពេទ្យ ។ បទបង្ហាញនេះបានរំលេចពីលទ្ធផល ជាវិជ្ជមាននៃការលាងដៃ នៅក្នុងមន្ទីរពេទ្យ ហើយក្រុមការងារមន្ទីរពេទ្យ ក៏បានទទួលធាតុចូលបន្ថែមពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការនេះកាន់តែប្រសើរ នាពេលខាងមុខ៕