ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការដាក់ចេញយុទ្ធនាការជាជំហានៗ ដើម្បីធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជា ទទួលបានភាពស្អាត ជាពិសេសថង់ប្លាស្ទិក លែងមានហើរតាមដងផ្លូវ នៅឆ្នាំ២០២៥ ។

ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើននាក់ នៅថ្ងៃទី១៣ សីហា។

លោករដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រា សម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក សរុបប្រមាណ ៩,២លានអង្គ/នាក់។

លោករដ្ឋមន្រ្តី បានបន្ថែមថា បន្ទាប់ពីបានទទួលបានជោគជ័យ ពីយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវិថី តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមយ៉ាងផុសផុលជាបណ្តើរៗនៅទូទាំងប្រទេស។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា យុទ្ធនាការ ដែលក្រសួង ដាក់ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លក នៃភាពស្អាតក្នុងផ្នត់គំនិត របស់ពួកគាត់ ដើម្បីភាពស្អាត ដែលនឹងទទួលបាន គឺសម្រាប់រយៈពេលវែង។ នាពេលដ៏ខ្លីខាងមុខនេះ លោករដ្ឋមន្រ្តី បានបង្ហាញសុទិដ្ឋិនិយមថា «ការដាក់ចេញនូវយុទ្ធនាការជាជំហានៗរបស់ក្រសួងបរិស្ថាន នឹងនាំឱ្យប្រទេសកម្ពុជា យើងទទួលបានភាពស្អាត ជាពិសេសថង់ប្លាស្ទិក លែងមានហើរតាមដងផ្លូវនៅឆ្នាំ២០២៥»៕
