ព័ត៌មានជាតិ

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យសាងសង់ អណ្ដូងស្នប់ និងបង្គន់អនាម័យ ជាង១០០ ជូនគ្រួសារអតីតយុទ្ធជន នៅតាមព្រំដែនស្រុកមេមត់

ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឱ្យមន្ដ្រីបច្ចេកទេស ក្រសួងសហការជា មួយមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត សាងសង់អណ្ដូងស្នប់ ចំនួន ១៥អណ្ដូង និងសាងសង់បង្គន់អនាម័យ ចំនួន ១០៦បង្គន់ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់ ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពការអភិវឌ្ឍដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅតាមព្រំដែន ស្ថិតក្នុងឃុំទ្រៀក ស្រុកមេមត់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។

នៅថ្ងៃដដែលនេះដែរ លោក ឆាយ ឫទ្ធិសែន ក៏បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ ប្រវែង ៦,៥៧០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិបេង ទៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ខ្សែផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោង ខ្សែច្រវាក់ផលិតកម្ម ដោយភាតរៈបរិស្ថាន ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអាកាសធាតុបៃតង ។

បន្ទាប់ពីពិធីបើកការដ្ឋានរួច លោករដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានដឹកនាំមន្ដ្រីបច្ចេកទេស ទៅពិនិត្យវឌ្ឍនភាព និងស្ថានភាពផ្លូវចំនួន ២ខ្សែ ដូចខាងក្រោម៖ ខ្សែទី១៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១១,២៣៦គីឡូម៉ែត្រ។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផលបាន ៥៨,៣២% ហើយគ្រោងនឹងបញ្ចប់ ១០០% នៅចុងឆ្នាំ២០២៤។ ខ្សែទី២៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្នែកខ្លះក្រាលបេតុង មានប្រវែងសរុប ១៤,០៣៦គីឡូម៉ែត្រ ។ ខ្សែផ្លូវនេះ តភ្ជាប់ពីភូមិជីពាំង ឃុំជីពាំង ស្រុកពញាក្រែក ទៅដល់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែរ ដែលបានស្ថាបនា ចប់ជាស្ថាពរកាលពីខែឧសភា ឆ្នាំ២០២៤ ។​ ខ្សែផ្លូវទាំង ២នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដោយប្រើប្រាស់ មូលនិធិកិច្ចប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ។

សូមជម្រាប ជូនផងដែរថា ក្នុងឱកាសបើកការដ្ឋាន និងត្រួតពិនិត្យវឌ្ឍនភាពការងារ នៃទីតាំងនីមួយៗខាងលើ លោក ឆាយ ឫទ្ធិសែន បានជួប សំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងគ្រួសារកងទ័ព ដោយបានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹក យ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិក សន្តិភាព, និង ជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ ផងដែរ ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់ តែមានភាពរីកចម្រើន ទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដើម្បីកម្ពុជាអាចសម្រេច ចក្ខុវិស័យជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

To Top