ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលីសហការគ្នា ដើម្បីលើកកម្ពស់ ភាពប្រកួតប្រជែង វិស័យកម្មន្តសាល

ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា តាមរយៈកម្មវិធី CAPRED បានសហការរៀបចំសិក្ខាសាលាស្តីពី ភាពប្រកួតប្រជែងវិស័យកម្មន្តសាល ឧស្សាហកម្មប្រតិគមន៍ និងការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅលើកកម្ពស់ភាព ប្រកួតប្រជែងវិស័យកម្មន្តសាល របស់កម្ពុជា។

យោងតាមសេចក្ដីប្រកាស រួម របស់ ក្រសួងឧស្សាហកម្ម និងស្ថានទូតអូស្ត្រាលី បានឱ្យដឹងថា ឧស្សាហកម្មផ្នែកកម្មន្តសាល មានការវិវត្តរីកចម្រើន គួរឱ្យកត់សម្គាល់នៅកម្ពុជា ប៉ុន្តែវិស័យនេះត្រូវបានមើលឃើញថា នៅបន្តពឹងផ្អែកខ្លាំង លើការនាំចូលវត្ថុធាតុដើម ដែលទាមទារការអភិវឌ្ឍបន្ថែម ដើម្បីបង្កើនភាពប្រកួតប្រជែងជាសាកល។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងប្រើប្រាស់លទ្ធភាពរបស់ខ្លួន រួមនឹងជំនាញរបស់កម្មវិធី CAPRED ដើម្បីរៀបចំបង្កើតឧបករណ៍ អភិវឌ្ឍគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធភាព ចាំបាច់ សម្រាប់ការធ្វើពិពិធកម្មវិស័យកម្មន្តសាល ជំរុញខ្សែច្រវាក់ ផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការ ធ្វើសមាហរណកម្ម សហគ្រាសធុនតូច និងមធ្យមទៅក្នុងខ្សែច្រវាក់តម្លៃសាកល។

ថ្លែងក្នុងពិធីបើសិក្ខាសាលានៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា «វិស័យកម្មន្តសាលរបស់កម្ពុជាមានសក្តានុពលធំធេង សម្រាប់ការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការបង្កើត ការងារ ។សិក្ខាសាលានេះ មានគោលបំណង ប្រែក្លាយចំណេះដឹង និងជំនាញទៅជាយុទ្ធសាស្ត្រ ដែលអាចអនុវត្តបានក្នុងគោលដៅ លើកកម្ពស់វិស័យកម្មន្ត សាលកម្ពុជា ឱ្យឈានឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ»។

លោក អនឌ្រីស សាប្រាក ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ប្រទេសអូស្ត្រាលីប្ដេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មរបស់កម្ពុជា។ តាមរយៈការពង្រឹងភាព ប្រកួតប្រជែងវិស័យកម្មន្តសាល យើងកំពុងបង្កើតឱកាស សម្រាប់អាជីវកម្មក្នុងស្រុកនានាឱ្យរីកចម្រើន និងសម្រាប់វិបុលភាពរបស់ប្រជាជនកម្ពុជា ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មជំរុញការអភិវឌ្ឍ និងឧស្សាហូបនីយកម្មនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ។ ក្នុងការលើកកម្ពស់ភាព ប្រកួតប្រជែងវិស័យកម្មន្តសាលក្រសួង បាននិងកំពុងជំរុញការកសាងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព និង ការអភិវឌ្ឍហេថារចនាសម្ព័ន្ធ គុណភាពជាតិ ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្មក្រុមហ៊ុន ក្នុងស្រុកទៅក្នុងខ្សែ ច្រវាក់តម្លៃសាកល ព្រមទាំងគំនិតផ្តួចផ្តើម ដូចជា ការអភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមជាដើម។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងមានគោលដៅកាត់បន្ថយការពឹង ផ្អែកលើការនាំចូល ជំរុញការបង្កើតការងារ និងរួមចំណែកដល់ការកសាងខឿនសេដ្ឋកិច្ច ដែលកាន់តែមានភាពធន់ និរន្តរភាព និងបរិយាបន្ន សម្រាប់កម្ពុជា ។

កម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី លើកម្ពស់គំនិតផ្តួចផ្តើមទាំងនេះ ដោយផ្តល់ការគាំទ្រ ផ្នែកគោលនយោបាយ និងជំនួយចាំបាច់ក្នុង វិស័យសំខាន់ៗ រួមមានការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមជាដើម ៕

To Top