កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា បានណែនាំ និងស្នើដល់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ អតីតយុទ្ធជន ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ឱ្យបាននូវស្ថានភាព ជីវភាពរស់នៅរបស់បងប្អូន អតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់និងធ្វើឲ្យមានភាពកក់ក្តៅ ពីប្រមុខរាជរដ្ឋាភិបាល។




លោកមានប្រសាសន៍ដូច្នេះនៅពេលដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងលោក ជាម ចន្ទ័សោភ័ណ ជាប្រធានកិត្តយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលពិធីនេះប្រារព្ធធ្វើឡើង
នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំ វ៉ី សំណាង សាលាខេត្តកំពង់ស្ពឺ។




នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូនអតីតយុទ្ធជន គឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។ ដូច្នេះលោកស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ពង្រឹង ការអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក ឱ្យបានកាន់តែផុលផុស និងមានប្រសិទ្ធភាពក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន ធ្វើយ៉ាងណា ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។


លោក បានបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការនិងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែង ឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរនៅពេលដែលអតីតយុទ្ធជនណាម្នាក់ទទួលពលីមរណៈ ដើម្បីឱ្យក្រុមគ្រួសារមានលទ្ធភាពចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខ សុភ័ណ្ឌ រូបថត ដើមអំពិល
