ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់អាចារ្យ និងអាចារិនីថា ការប្រារព្ធកម្មវិធីនានា ត្រូវតែឯកភាពគ្នា តាមក្បួនខ្នាតរបស់ខ្មែរ

ភ្នំពេញ ៖ ថ្លែងនៅចំពោះមុខអាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី១៥ សីហា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រារព្ធកម្មវិធីនានា ត្រូវមានការឯកភាពគ្នាត្រូវតាមក្បួនខ្នាតរបស់ខ្មែរ ដើម្បីជៀសវាងកុំឲ្យមានជម្លោះ។

នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ អាចារ្យ និងអាចារិនី ទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់ នាព្រឹកថ្ងៃទី១៥ សីហាសម្ដេចធិបតី បានជំរុញឲ្យក្រសួងធម្មការ និងសាសនា បន្តបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ នៅទូទាំងប្រទេស ឲ្យមានចំណេះដឹង និងត្រូវតាមក្បួនខ្នាតត្រឹមត្រូវ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្ត ដល់អាចារ្យទាំងអស់ ត្រូវចូលរួមចងក្រងឲ្យត្រឹមត្រូវតាមក្បួន, ផ្សព្វផ្សាយឲ្យបាន ទូលំទូលាយ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវក្បួនច្បាប់ព្រះពុទ្ធសាសនា។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ត្រូវមានគោលការណ៍ឯកភាពគ្នា នេះហើយទំនៀមទម្លាប់របស់ខ្មែរ កុំឲ្យក្លាយ ទោះជាក្លាយត្រូវមានអត្តសញ្ញាណជាតិ ដែលមានការឯកភាពគ្នា ព្រោះសំខាន់ណាស់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់យើង ហើយអាចារ្យ អាចារិនី គឺជាអ្នកដើរតួប្រតិបត្តិផ្ទាល់តែម្ដង»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា សម្ដេច ចង់ឲ្យកម្មវិធីនានា មានស្តង់ដានៃការរៀបចំកម្មវិធីដូចគ្នា កុំឲ្យរបៀបធ្វើកម្មវិធី តាមរបៀបអាចារ្យនេះ ឬអាចារ្យនោះ ។

សម្ដេចនាយករដ្ឋមន្ដ្រីគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា នឹងមិនមានក្បួននេះ អាចារ្យនោះ គួរតែមានក្បួនមួយថា រួមគ្នា ជាអត្តសញ្ញាណជាតិរបស់យើង ពេលដែលយើងចេញទៅក្រៅប្រទេស អាចារ្យណាទៅក៏រៀបតាមហ្នឹង នេះជាអ្វី ជាស្ដង់ដានៃអភិរក្សអត្តសញ្ញាណជាតិ គឺធ្វើអ្វីដូចគ្នា គឺផ្អែកលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើឯកសារកម្កល់ទុក ការស្រាវជ្រាវរក្សាទុក គឺជាកិច្ចការសំខាន់»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា ទោះប្រទេសទំនើបជឿនលឿនយ៉ាងណាក៏ដោយ ក៏ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិ ត្រូវបានបន្តថែរក្សាផងដែរ៕

To Top