ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេស ដូចនៅបង់ក្លាដេសនៅពេលនេះរហូតដល់ពេលអនាគតនៅកម្ពុជានោះទេ។
ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ដ្រី បន្ទាប់ពី មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការ បោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសជាតិ។
នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតីបានរំលឹកអ្នកដែលចង់ឲ្យកម្ពុជា ដូចនឹងប្រទេសបង់ក្លាដេស កុំធ្វើសកម្មភាពខុសច្បាប់អ្វីដែលមិនមានផលចំណេញឡើយចំពោះប្រទេសជាតិ និងប្រជាជន។ សម្ដេចថា ផ្ទុយទៅវិញ មានតែភាពវិនាសកម្ម ការវាយប្រហារគ្នា បង្កជាភាពវឹកវរដល់ប្រទេសជាតិតែប៉ុណ្ណោះ។
សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា រាជរដ្ឋាភិបាលជឿថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ ដុតប្រទេសបែបនេះ (ដូចនៅបង់ក្លាដេស) នៅពេលនេះ រហូតដល់ពេលអនាគត នៅក្នុងប្រទេសកម្ពុជា»។
សម្ដេចធិបតីហ៊ុន ម៉ាណែតបន្ដថា ចំពោះអ្នកជជែកគ្នា តាមបណ្ដាញសង្គម ជជែកក៏ជជែកចុះ ប៉ុន្ដែត្រូវបញ្ចេញមតិដោយសីលធម៌ កុំធ្វើអ្វីដែលហួសព្រំដែន ដែលនាំឲ្យឈានទៅដល់បែកបាក់ដូចនៅបង់ក្លាដេស ឬអង់គ្លេស ដែលដុតប្រទេសទាំងមូល ហើយនាំទៅដល់ការប៉ះពាល់ដល់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ៕