ភ្នំពេញ ៖ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោក ឈាង វុន បានទម្លាយ ឯកសារមួយច្បាប់ ដែលមានបក្សប្រឆាំង ចូលរួមគាំទ្រ គម្រោងអភិវឌ្ឍន៍ ត្រីកោណ(CLV)។
ជាមួយនឹងការទម្លាយនេះហើយ លោកក៏វាយបក ទៅក្រុមប្រឆាំងវិញថា កុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ។ នេះបើយោងតាមបណ្តាញតេឡេក្រាមរបស់លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌។
លោក ឈាង វុន បន្តថា ម្តេចក៏ចូលចិត្តយកការ បោកប្រាស់ប្រជាពលរដ្ឋ និង យុវជនដែលជាអនាគត របស់ប្រទេសជាតិ មកធ្វើជាឈ្នាន់នយោបាយយ៉ាងនេះ! ល្មមឈប់ទៅ ។
សមាជិករដ្ឋសភាជាន់ខ្ពស់រូបនេះ បានបង្ហាញឯកសារនៅឆ្នាំ២០០៨ ក្រោយការបោះឆ្នោតអាណត្តិទី៤រដ្ឋសភា មានគណបក្ស៥បានទទួលអាសន: នៅក្នុងរដ្ឋសភា ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា បាន៩០កៅអី, គណបក្សសម រង្សី បាន២៦កៅអី, គណបក្សសិទ្ធិមនុស្សបាន៣កៅអី, គណបក្សនរោត្តម រណឫទ្ធិ បាន២កៅអី, និង គណបក្សហ្វ៊ុនស៊ិនប៉ិច បាន២កៅអី។
បន្ទាប់មកលោក ឈាង វុន បានរៀបរាប់ថា នៅឆ្នាំ២០១០ សភាកម្ពុជា ក៏ដូចសភាឡាវ និងសភាវៀតណាមដែរ បានបង្កើតរៀងខ្លួននូវគណ:កម្មការសភា ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្តនយោបាយអភិវឌ្ឍ តំបន់ត្រីកោណក្នុងដែនប្រទេសរៀងៗខ្លួន ។
គណបក្សសម រង្សី និងគណបក្សផ្សេងទៀត ដែលមានតំណាងរាស្ត្រក្នុងខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ឬសមាជិកព្រឹទ្ធសភាមណ្ឌល៨ បានចូលរួមក្នុងគណ:កម្មការសភានេះ ហើយ គណ:កម្មការ នេះ ក៏ត្រូវបានផ្សព្វផ្សាយនៅ ក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងទូលំទូលាយដែរ។
លោក ឈាង វុន បានរំឭកថា កាលនោះ លោក ឡុង រី តំណាងរាស្ត្រខេត្តក្រចេះរបស់គណបក្សសម រង្សី មានលេខ១៤ ក្នុងបញ្ជីគណៈកម្មការ ។ ដូចនេះ គ្មានអ្វីជាសម្ងាត់ទេ មានតែពួកក្បត់នឹងផលប្រយោជន៍ជាតិ ដែលបំពុលសង្គមកំពុង តែជំរុញឲ្យប្រជាពលរដ្ឋ និងយុវជនទទួលរងគ្រោះតែប៉ុណ្ណោះ៕



