ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា អ្នកដែលជំរុញឲ្យយុវជននៅក្នុងប្រទេសនាំគ្នាធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលខ្លាំងជាងគេ មានមូលដ្ឋាននៅប្រទេសជប៉ុន បានធានាឪពុកម្តាយ ទៅរស់នៅក្រៅប្រទេសរួចរាល់ហើយ ។
ក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស នៅថ្ងៃទី១៥ សីហា សម្តេចធិបតី មានប្រសាសន៍ថា “អ្នកដែលស្រែកខ្លាំងជាងគេ នៅជប៉ុន ខ្លួនឯងទើបតែយកទាំងឪពុកម្តាយ ធានាយកទៅនៅ ដឹកយន្តហោះចេញហើយ ឲ្យគេមកដុតបំផុសអ្នកផ្សេងឲ្យប្រឈមជាមួយរដ្ឋ”។
ទោះជាយ៉ាងណា អ្នកដែលសម្តេចធិបតី បានលើកឡើងខាងលើនេះ គឺមិនត្រូវបានសម្តេច បញ្ជាក់ពីអត្តសញ្ញាណឡើយ ប៉ុន្តែម្នាក់នោះបើតាមដឹងជាយុវជនប្រឆាំងដ៏សកម្មម្នាក់ផងដែរ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ការត្រៀមធ្វើបាតុកម្មនេះ គឺជាការធ្វើបាតុកម្មហិង្សាពិតប្រាក តាមរយៈការប្រមូលបានសារសំឡេងឲ្យត្រៀមនូវឧបករណ៍ផ្សេងៗ មានទាំងអាវុធដែលអាចបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ប្រសិនបើអាជ្ញាធរចេញមក ការពាររក្សាសន្តិសុខផងដែរ ។
សម្តេចធិបតីមានប្រសាសន៍ថា “ឥឡូវខ្ញុំសួរប្រជាពលរដ្ឋយើង រួមទាំងអ្នកដែលស្តាប់ អ្នកស្រែកពីក្រៅប្រទេសមកថា តើអំពើបែបនេះ រៀបចំទាំងគ្រាប់បែក រៀបចំទាំងគ្រាប់ដបទឹកសាំង រៀបចំទាំងដំបង រៀបចំទាំងជំពាម ។ តើនេះឬជាការត្រៀមឧបករណ៍សម្ភារៈ សម្រាប់ធ្វើបាតុកម្មអហិង្សា?”៕