ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំអាចារ្យ អាចារិនី រក្សាឲ្យបានគុណធម៌ ជៀសវាងការប្រព្រឹត្តខុសឆ្គង ដោយប្រកាន់បក្ខពួក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអាចារ្យ អាចារិនី រក្សាឲ្យបាននូវគុណធម៌ ជៀសវាងការប្រព្រឹត្តខុសឆ្គង ដោយប្រការណាមួយ ក្នុងការប្រកាន់បក្ខពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតីបានណែនាំក្រសួងធម្មការ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យខ្មែរ សម្រាប់អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការ របស់ប្រជាជន នៅទូទាំងប្រទេស ចំពោះវិស័យដ៏សំខាន់នេះ ។ ក្នុងនោះអាចារ្យ អាចារិនី ត្រូវបង្កើនសាមគ្គីភាពល្អជាមួយពុទ្ធបរិស័ទ បម្រើព្រះពុទ្ធសាសនា និងប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឲ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ របស់ខ្មែរ និងចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់អាចារ្យ អាចារិនី ដែលមាន តួនាទីជាគណៈកម្មការ អាចារ្យវត្ត បង្កើនកិច្ចសហការល្អ ជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ស្មារតី ជានិច្ចថា អាចារ្យ អាចារិនី គឺ ជាសេនាធិការ ឬជាវេយ្យាវច្ចករ (អ្នកបម្រើព្រះសង្ឃ) ដូច្នេះមិនត្រូវសម្ដែង សកម្មភាពណាមិនសមរម្យ ចំពោះព្រះសង្ឃ ដែលជាហេតុនាំឲ្យកើតមាននូវវិវាទធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃ និងសេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាព នៃព្រះពុទ្ធសាសនាជាតិឡើយ ។

សម្ដេចធិបតីមានប្រសាសន៍ថា «សូមអាចារ្យ អាចារិនី រក្សឲ្យបាននូវគុណធម៌ខ្ពស់ ជៀសវាងការប្រព្រឹត្តខុសឆ្គងដោយប្រការណាមួយ ការប្រកាន់បក្ខពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី។ សូមក្រសួងធម្មការ និងសាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់បង្រៀនធ្វើយ៉ាងណាឲកយការប្រតិបត្តិនៅក្នុងសាសនាពិធី និងពិធីអាពាហ៍ពិពាហ៍មានការឯកភាពគ្នា។ ទន្ទឹមនេះក្រសួងធម្មការ និងសាសនា ត្រូវសហការអនុវត្តនូវពិធីកម្មសាសនា និងពិធីផ្សេងៗ»។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងធម្មការ ត្រូវរៀបចំឡើងវិញឲ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបានមូលធន អាចារ្យប្រកបដោយសមត្ថភាព និងចំណេះដឹងខ្ពស់ ចូលរួមថែរក្សាការពារ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឲ្យបានគង់វង្សជានិច្ចនិរន្តរ៍៕

To Top