ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឲ្យក្រសួងការបរទេសខ្មែរ សួរទៅកាន់រដ្ឋាភិបាលជប៉ុន តើគាំទ្រទេដែលយកទឹកដីជប៉ុន នៅក្នុងការបំផុស ការផ្តួលរាជរដ្ឋាភិបាលកម្ពុជា? ។
ការលើកឡើងរបស់សម្តេចធិបតី បែបនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កំណត់បានថា អ្នកដែលបំផុសបំផុល ឲ្យបាតុករធ្វើបាតុកម្ម ក្រោមលេសដាក់បន្ទុក ឲ្យរាជរដ្ឋាភិបាល ដកកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ភាគច្រើនមានប្រភពពីខាងក្រៅ គឺប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ខណៈរាជរដ្ឋាភិបាល មានភស្តុតាងគ្រប់គ្រាន់បង្ហាញថា ចលនានេះ សំដៅធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលខ្មែរ ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមលិទ្ធប្រជាធិបតេយ្យ ។
ក្នុងឱកាសសំណេះសំណាល ជាមួយអាចា្យ អាចារិនី នាព្រឹកថ្ងៃទី១៥ សីហានេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមឲ្យក្រសួងការបរទេស សួរទៅរាជរដ្ឋាភិបាលជប៉ុន តែម្តង ឥឡូវភស្តុតាងមានហើយ គាត់ចេញមកថា តើជប៉ុនគាត់គាំទ្រទេ ដែលយកទឹកដីជប៉ុន នៅក្នុងការបំផុស ការផ្តួលរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំមិនថាត្រូវឲ្យជប៉ុន ដេញមកវិញទេ ប៉ុន្តែគួរណែនាំថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុន ជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ ព្រោះសារមានច្បាស់លាស់ហើយ គឺយើងត្រូវតែផ្តួលរដ្ឋាភិបាល តើនេះជាអ្វី?” ។
តាមអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី លើកឡើងថា ចលនាបាតុកម្មនេះ មានការត្រៀម ដបសាំង ជំពាមកៅស៊ូ និងដ្រូន ដែលអាចដឹកគ្រាប់បែក ទម្លាក់បានទៀតផង ខណៈសម្តេចចោទសួរថា បាតុកម្មបញ្ចេញមតិស្របច្បាប់ តាមលទ្ធិប្រជាធិបតេយ្យ យកដបសាំងទៅធ្វើអី? យកជំពាមធ្វើអី? យកដ្រូនដែលរៀបគ្រាប់បែកទម្លាក់ធ្វើអី? ។
ជាមួយគ្នានេះ សម្តេចធិបតី គូសបញ្ជាក់ថា ជប៉ុនគួរតែជាអ្នកដែលត្រូវយល់ច្បាស់ទៅលើកិច្ចសហប្រតិបត្តិការ CLV DTA នេះ ព្រោះជប៉ុនធ្លាប់បាន ផ្តល់ជំនួយ ជាថវិកាជាង២០លានដុល្លារ ក្នុងការជួយទៅដល់ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ CLV DTA នេះ ខណៈកម្ពុជាទទួលបានថវិកា ប្រមាណ៧លានកន្លះ សម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តទាំង៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ជប៉ុនគួរយល់ហើយ ថារឿងនេះ មិនមែនជារឿងកង្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ មានសិទ្ធិកង្វល់ បញ្ចេញមតិអំពីការបាត់បង់អធិបតេយ្យភាព បាត់បង់ទឹកដី ខ្ញុំគាំទ្រ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែការបញ្ចេញមតិត្រូវមានក្រម ត្រូវមានព្រំដែន ការផ្តួចផ្តើមគំនិតបែបណាធ្វើឲ្យមានអស្ថេរភាពក្នុងប្រទេស ធ្វើឲ្យប្រទេសអាចឈានទៅដល់ការបែកបាក់ជាតិ ការប៉ះទង្គិចគ្នា ធ្វើឲ្យគុំគ្នាទៅវិញទៅមក ការអនុវត្តលើសព្រំដែនច្បាប់ដែលអនុញ្ញាតគឺរាជរដ្ឋាភិបាលគ្មានជម្រើស ក្រៅពីអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ដូចនៅប្រទេសអង់គ្លេសចឹង ប្រទេសសេរី ក៏គេអនុវត្តច្បាប់ដែរ ដើម្បីការពារប្រជាពលរដ្ឋ ដែលរស់នៅរាប់លាននាក់” ៕