ស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រ សម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិសំយ៉ោង ឃុំសំយ៉ោង និងភូមិរោទិ៍ ភូមិត្រពាំងឆ្លូញ ភូមិត្រពាំងត្រាវ ភូមិញរ និងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកនាយករងរដ្ឋបាល សាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុកកំពង់រោទិ៍ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។
លោកអភិបាលខេត្តបានថ្លែង នូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្តលើកម្មសិទ្ធិរបស់ខ្លួនបន្ថែមទៀត ។
លោកបានបន្តថា ថ្ងៃនេះ គឺជាលើកទី៥ហើយ ដែលយើងបានរៀបចំពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីខេត្តរបស់យើង បានដាក់ចេញនូវផែនការឈាន ទៅបញ្ចប់ការចុះបញ្ជីដីធ្លីដោយចាប់ផ្ដើមអនុវត្តពីខែធ្នូ ឆ្នាំ២០២៣ ។ បើគិតទាំងពេលនេះ ក្នុងរយៈពេល ៨ខែមកនេះ ក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៦៦ភូមិ ស្មើនឹង ៧៧.០៧១ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋ បានប្រមាណ ៤ម៉ឺន ប័ណ្ណ។
លោកបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានលះបង់ នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែក នៅក្នុងបេសកកម្ម ដ៏មានសារៈសំខាន់នេះ។
បន្ថែមលើសពីនេះ លោកបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ដែលជាប្រតិបត្តិករផ្ទាល់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមទាំងកម្លាំងកាយចិត្តយ៉ាងមមាញឹក និងមិនខ្លាចពីការនឿយហត់ គាំទ្រដល់ដំណើរការចុះបញ្ជីដីធ្លីលើគ្រប់នីតិវិធី និងគ្រប់ដំណាក់កាល ដើម្បីជំរុញការងារចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឲ្យបានចេញជាផ្លែផ្កា នាពេលនេះ៕