ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» ដើម្បីបង្ហាញដល់ពិភពលោក ឲ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប នៃប្រាង្គប្រាសាទអង្គររបស់កម្ពុជា ។
ការថ្លែងកោតសរសើររបស់សម្ដេច ម៉ែន សំអន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» នៅមុខប្រាសាទអង្គរ ក្នុងទឹកដីដ៏ពិសិដ្ឋ នៃខេត្តសៀមរាប នាថ្ងៃទី១៥ សីហា ។
សម្តេច ម៉ែន សំអន បានលើកឡើងពីខិតខំប្រឹងប្រែង សមាគមសិល្បករខ្មែរដែលតែងតែចូលរួម លើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិជាពិសេស សមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន រួមជាមួយសិល្បករ សិល្បការិនី ដែលបានខិតខំចូលរួមសម្រេច បាននូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងការបង្កើតនូវស្នាដៃថ្មីៗ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌សិល្បៈ បង្កើតនូវបរិយាកាសនិងស្នាមញញឹម ដល់ភ្ញៀវទេសចរនានា ដែលអញ្ជើញមកទស្សនានៅកម្ពុជា ។
សម្ដេចបន្តថា ទើបតែជាង៣ខែប៉ុណ្ណោះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានបានចេញដំណើរដឹកនាំយ៉ាងស្វាហាប់ និងរឹងមាំ ជាក់ស្តែងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលសមាគមសិល្បករខ្មែរបានរៀបចំជាសក្ខីភាពមួយដែលបង្ហាញពី ស្នាមញញឹមនៃប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក ក៏ដូចជាសម្រស់ដ៏ស្រស់ត្រកាល នៃប្រាង្គប្រាសាទខ្មែរ ជាតំណាង នៃអរិយធម៌ដ៏រុងរឿង របស់បុព្វបុរសខ្មែរដ៏សម្បូរបែប រួមទាំងទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយសីលធម៌សង្គម ដែលជានិមិត្តរូបនៃស្មារតីឯកភាពជាតិ យូរអង្វែងបន្តពីដូនតា។
សម្តេច ម៉ែន សំអន បញ្ជាក់យ៉ាងច្បាស់ថា កាលពីអតីតកាលកម្ពុជា ពោរពេញដោយសង្គ្រាម ពុំមានអ្នកណាមានសិទ្ធិសេរីភាព រងនូវការកាប់សម្លាប់ បែកបាក់ និរាសព្រាត់ប្រាស់គ្រួសារ គ្មានទេស្នាមញញឹម ។ ដោយឡែក ព្រឹត្តិការណ៍ថ្ងៃនេះ កើតចេញពីប្រទេសមានសុខសន្តិភាព ទើបមានកម្មវិធីស្នាមញញឹម នៃកម្ពុជា ដែលផ្នែកមួយនៃគោលនយោបាយ និងទិសដៅការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដែលបានដាក់ចេញ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាកាលពីដើមឆ្នាំកន្លងទៅ ដើម្បីជម្រុញវិស័យទេសចរណ៍ នៅខេត្តសៀមរាបឲ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា «គ្រប់ពេលដែលខ្ញុំបានឈរជើង នៅលើគ្រឹះប្រាសាទថ្មដ៏រឹងមាំនេះ នាងខ្ញុំហាក់ មានអារម្មណ៍ស្ញប់ស្ញែងអស្ចារ្យ ចំពោះការកសាងនូវខឿនវប្បធម៌ អរិយធម៌ ដ៏រឹងមាំ ពិសេសប្រាសាទអង្គរវត្តដែលជា អច្ឆរិយវត្ថុគ្មាន ពីរលើលោក។ ជាមួយគ្នានេះ ដើម្បីជាការដឹងគុណ តបគុណ ខ្ញុំសុំចូលខ្លួនដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតា ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្នាមញញឹមកម្ពុជា”ក៏ មានការរៀបចំម្ហូបអាហារជាច្រើន ជាម្ហូបរបស់ខ្មែរ ជូនទៅដល់ភ្ញៀវជាតិ និងអន្តរជាតិបានភ្លក់រសជាតិ អាហារដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយចុងភៅដែលបានចូលរួមសហការដោយមិនគិតប្រាក់ សម្រាប់ភ្ញៀវកិត្តិយស ៥០០នាក់ នៅទីតាំងប្រារព្ធកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» មុខប្រាសាទអង្គរ ៕